សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលសមាជិកគណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែង នៅក្នុងស្រុកពារាំង ខេត្តព្រៃវែង

នារសៀលថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែង នៅក្នុងស្រុកពារាំង ខេត្តព្រៃវែង នៅស្នាក់ការគណបក្សស្រុកពារាំងខេត្តព្រៃវែង។

មានប្រសាសន៍នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកពារាំង និងសហការីក្នុងក្រុមការងារ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកពារាំង ដែលបានប្តេជ្ញាចិត្តរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការ បោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក ទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។

 

សម្ដេច ក៏បានគូសបញ្ជាក់អំពីការវិវត្តប្រែប្រួលនៃសភាពការណ៍ អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ប្រទេសជាតិរបស់យើង ព្រមទាំងគោល ការណ៍ណែនាំរបស់គណបក្សយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ ឆ្នាំ២០២៧ ដើម្បីយើងធ្វើការប្តេជ្ញាចិត្តរួមគ្នាបន្តដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការ បោះឆ្នោតដ៏មានសារៈសំខាន់នេះ។

 

ក្នុងឱកាសនោះ សម្តេច បានកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំនានា អាជ្ញាធរ មន្ត្រី និងកងកម្លាំង មានសមត្ថកិច្ច ទូទាំងស្រុកពារាំង ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី នយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចូលរួមថែរក្សាពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវា សាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ។ ក្រុមការងារបានចូលរួមគាំទ្រសកម្មភាពនានាជាច្រើន ដើម្បីលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋ គាំទ្រអភិវឌ្ឍវិស័យអប់រំ កសិកម្ម សាសនា និងបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន និងខិតខំកៀរគរធនធានពីសប្បុរសជននានា ដើម្បីកសាងសមិទ្ធផលសង្គម ជាច្រើននៅមូលដ្ឋាន។


សម្ដេច មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំណត់ និងរៀបចំនូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ស្របតាមអាណត្តិ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពង្រឹងស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៦ ស្របតាមអាណត្តិ៥ឆ្នាំ ដែលកំណត់ក្នុងច្បាប់។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈការប្តេជ្ញាចិត្តរួមគ្នាដើម្បីបន្តទទួលបាន ជោគជ័យសម្រាប់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នេះ៕

អត្ថបទដែលជាប់ទាក់ទង