ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តព្រៃតាម៉ុក

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តព្រៃតាម៉ុក ស្ថិតក្នុងភូមិព្រៃតាម៉ុក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

យោងតាមរបាយការណ៍អភិបាលស្រុកស្វាយអន្ទរ វត្តព្រៃតាម៉ុក បង្កើតឡើងនៅឆ្នាំ១៨២៦។ សមិទ្ធផលប្រារព្ធពិធីសម្ពោធនៅថ្ងៃនេះ បានចំណាយថវិកាសរុប៨៣១លាន៨សែនរៀល ក្នុងនោះរួមមានឧបដ្ឋានសាលា ចាក់សាបបំពេញទីធ្លាវត្ត បង្គោលភ្លើង ព្រមទាំងសមទ្ធផលនៅក្នុងវត្តមួយចំនួនទៀត។

បន្ទាប់មកនៅក្នុងឱកាសប្រកបដោយភាពអធិកអធមនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយសម្ដេចបានសេចក្ដីរីករាយសាទរ និងមោទកភាពបំផុតចំពោះការរួមសាមគ្គីគ្នារវាងព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជន នៅក្នុងការកសាងបានសមិទ្ធផលដ៏ថ្លៃថ្លានេះ។

ពាក់ព័ន្ធដំណើរការសាងសង់ឧបដ្ឋានសាលា និងសមិទ្ធផលនានាដែលនៅខ្វះខាតថវិកាជាង២ម៉ឺនដុល្លារអាមេរិកទៀតនោះ សម្ដេចក្រឡាហោម បានប្រកាសជូនថវិកាបង្គ្រប់ការចំណាយ ដោយមានការចូលរួមឧបត្ថម្ភពីក្រុមការងារ ហើយបន្ថែមពីនេះសម្ដេចនឹងទទួលជួយតាមសំណើររបស់ព្រះចៅអធិការវត្ត ចំពោះគម្រោងស្ថាបនាផ្លូវបេតុងចូលវត្តព្រៃតាម៉ុក។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការចូលរួមសហការជាមួយអាជ្ញាធរ និងប៉ុស្ត៍នគរបាលឃុំ ក្នុងការទប់ស្កាត់អំពើលួច ប្លន់ អំពើហិង្សាក្នុងគ្រួសារ ការសេព និងចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យការស់នៅបានប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។

សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋឃុំជ្រៃ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប និងជាពិសេស សូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាសេចក្ដីសុខ និងសន្តិភាពក្នុងប្រទេស ជាមួយរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេងបានជំរាបអង្គពិធីថាសម្ដេច ចង់ឃើញប្រជាពលរដ្ឋបង្កើនការដាំដុះដំណាំឈើហូបផ្លែ និងបន្លែនៅតាមផ្ទះឲ្យបានច្រើន ដើម្បីកាត់បន្ថយការហូបបន្លែផ្លែឈើដែលអាចមានហានីភ័យដល់សុខភាព ខណៈរាជរដ្ឋាភិបាលក៏កំពុងខិតខំកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសដែលអាចមានសាធាតុគីមីប៉ះពាល់សុខភាពពលរដ្ឋ។

ជាចុងបញ្ចប់នៃសន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសប្រគេនបច្ច័យ ឧបត្ថម្ភថវិកា និងសម្ភារៈជូនអង្គពិធី និងអង្គភាពពាក់ព័ន្ធនៅក្នុងពិធីនាថ្ងៃនេះ មុននឹងបំពាក់គ្រឿងឥស្សរយស និងអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រៃតាម៉ុក៕

អត្ថបទដែលជាប់ទាក់ទង