សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញតឲ្យ ឯកឧត្តម IVO SIEBER ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូត
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម IVO SIEBER ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំនៅកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសឯកឧត្តមនឹងបញ្ចប់បេសកកម្មការទូត។
មានប្រសាសន៍ក្នុងជំនួបនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះអាណត្តិការងាររបស់ឯកឧត្តម IVo SIEBER ដែលបានចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរមួយកម្រិតបន្ថែមទៀត នៅក្នុងអាណត្តិការងាររបស់ឯកឧត្តម។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនសម្ដេចក្រឡាហោមថាឯកឧត្តមបានសង្កេតឃើញនូវលទ្ធផលប្រកបដោយផ្លែផ្កា នៃទំនាក់ទំនងប្រទេសទាំងពីរ និងបានរំលឹកឡើងវិញនូវការគាំទ្រកន្លងមករបស់ប្រទេសស្វីសចំពោះគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនសម្ដេចក្រឡាហា ស ខេង ទៀតថាក្រោយបញ្ចប់អាណត្តិការងារនេះ ឯកឧត្តមនឹងជំរាបទៅកាន់ឯអគ្គរដ្ឋទូតស្វីសថ្មី ដែលនឹងមកជំនួសអាណត្តិការងារ សូមឲ្យនៅតែបន្តខិតខំថែរក្សាទំនាក់ទំនងល្អរវាងកម្ពុជា ស្វីស ពិសេសជាមួយក្រសួងមហាផ្ទៃ។
សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សម្ដែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់ស្វីស និងសូមអរគុណរដ្ឋាភិបាលស្វីសដែលបាន និងបន្តគាំទ្រកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាពិសេសបច្ចុប្បន្ន ក៏មានគម្រោងមួយចំនួនដែរដែលស្វីសកំពុងគាំទ្រតាមរយៈធនាគារពិភពលោក។
សម្ដេចក៏បានសង្កត់ធ្ងន់ដែរថាកំណែទម្រងនេះ គឺជាកិច្ចការមួយមានសារៈសំខាន់ និងជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងខិតខំផ្ទេរអំណាចឲ្យថ្នាក់ក្រោមជាតិ ដើម្បីជំរុញឲ្យការពង្រឹងអំណាចថ្នាក់ក្រោមជាតិមានការរីកចំរើនជាលំដាប់។
ឯកឧត្តមអគ្គរដ្ឋទូតស្វីសបានជំរាបជូនសម្ដេចក្រឡាហាមដែរថា រដ្ឋាភិបាលស្វីសកំពុងរៀបចំផែនការសម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីជួយគាំទ្រប្រទេសមួយចំនួន ហើយឯកឧត្តមក៏សង្ឃឹមថាផែនការនោះនឹងរួមចំណែកបន្ថែមការជួយកម្ពុជា ពាក់ព័ន្ធការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកត្តមក៏បានសម្ដែងក្ដីរីករាយចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលបង្កើតឲ្យមានវេទិការពិភាក្សាជាមួយសង្គមស៊ីវិល បង្កើតបានភាពជាដៃគូសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយឯកឧត្តមគិតថានេះជាដំណើរការប្រកបដោយភាពវិជ្ជមាន។
សម្ដេចក្រឡាហោម បានជំរាបជូនថាក្រសួងមហាផ្ទៃ នឹងបន្តអនុវត្តទៅតាមអ្វី ដែលបានសម្រេចក្នុងដំណើរការវេទិការ ដែលកំណត់មួយឆ្នាំពីរដង ដើម្បីធ្វើឲ្យយ៉ាងណាឲ្យមានសុខដុមនីយកម្មការងារ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល។
នាឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលស្វីស ដែលនៅតែបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ និងកោតសរសើរការបង្កើតមូលនិធិទ្រទង់មន្ទីរពេទ្យនេះ និងបានជំរាបសម្ដេចថា រដ្ឋាភិបាលស្វីសនៅតែបន្តខិតខំគៀងគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាទៀត៕