ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសាសនិក ឥស្លាមក្នុងឱកាសស្រាយបួស ខែរ៉ាម៉ាឌន ខេត្តបាត់ដំបង

នៅល្ងាចថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសាសនិកឥស្លាមក្នុងខេត្តបាត់ដំបង ក្នុងឱកាសស្រាយបួសខែរ៉ាម៉ាឌន។

នៅក្នុងបរិយាកាសជួបជុំប្រកបដោយមនោសញ្ចេទនានេះ ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានសម្ដែងសេចក្ដីរីករាយជាទីបំផុត ដែលបានអញ្ជើញមកចូលរួមពិធីស្រាយបួសជាមួយសាសនិកឥស្លាមខេត្តបាត់ដំបងនាឱកាសនេះ។

សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានសម្ដែងការកោតសរសើរចំពោះបងប្អូនខ្មែរឥស្លាមនៅទូទាំងប្រទេស និងដោយឡែកនៅខេត្តបាត់ដំបងនេះ ដែលបានគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមលំអានសាសនាឥស្លាម ពិសេសការរួមចំណែកដូចសាសនាដ៏ទៃទៀតដែរ គឺការអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ ហើយចៀសវាងពីអំពើអាក្រក់។

សម្ដេចបានគូសបញ្ជាក់ថាព្រោះតែសាសនានៅកម្ពុជា សុទ្ធតែមានគោលការណ៍អប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អនៅក្នុងសង្គមនេះហើយ ទើបបានជារដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងអំពីការគោរពគ្រប់ជំនឿសាសនារបស់ប្រជាពលរដ្ឋ បើទោះបីជាច្បាប់កំពូលនេះបានចែងកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ។

ត្រង់ចំណុចនេះដែរ សម្ដេចក្រឡាហោមបានបន្ថែមថារាជរដ្ឋាភិបាល ខិតខំលើកស្ទួយ និងការពារប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់សាសនាអ្វីទាំងអស់ ហើយជាក់ស្ដែងសាសនាឥស្លាមនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលផ្ដល់ការគោរព គាំទ្រ ឱកាស និងប្រយោជន៍សង្គមស្មើរៗគ្នា ដោយមិនមានការប្រកាន់ឬរើសអើងជំនឿសាសនាអ្វីទាំងអស់។

សម្ដេចបានមានប្រសាសន៍ថាបណ្ដាប្រទេសដែលមានជម្លោះសាសនា គឺដោយសារតែទីនោះមានអ្នកជ្រុលនិយមខាងសាសនា មានការចោទប្រកាន់រវាងនិកាយសាសនាមួយជាមួយនិកាយមួយទៀត និងមានការរើសអើងសាសនានានា ដែលនាំឲ្យកើតមានបញ្ហា ប៉ុន្តែសម្រាប់កម្ពុជាបញ្ហាទាំងនោះគឺគ្មានឡើយ។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញភាពរីករាយ និងប្រកបដោយក្ដីមោទនៈបំផុត ចំពោះការរក្សាសាមគ្គីភាពគ្នាបានយ៉ាងល្អក្នុងចំណោមអ្នកកាន់សាសនាឥស្លាមនៅកម្ពុជា និងជាមួយបណ្ដាពលរដ្ឋអ្នកកាន់សាសនាផ្សេងទៀត ពិសេសសម្ដេចពិតជាពេញចិត្តចំពោះការអញ្ជើញគ្នាចូលរួមកម្មវិធីសាសនាទៅវិញទៅមកតែម្ដង។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរឥស្លាមទាំងអស់ ដែលបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹងនាំប្រទេស ដោយសម្ដេចបញ្ជាក់ថាការគាំទ្រនេះគឺជាការផ្ដល់យុត្តិធម៌ជូនគណបក្សដែលបានដឹកនាំប្រទេសដោយគ្មានការប្រកាន់ជំនឿសាសនា មានសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ។

សម្ដេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូនខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសន្តិភាព តាមរយៈការចូលរួមប្រើយន្តការបោះឆ្នោតជ្រើសរើសមេដឹកនាំ ដោយបានបដិសេធចោលនូវការអូសទាញរបស់អ្នកនយោបាយមួយចំនួន ដែលចង់ប្រមូលកម្លាំងពលរដ្ឋ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ពាក់ព័ន្ធដំណើរការបោះឆ្នោត សម្ដេចបានជំរាបជូនអង្គពិធីអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិកាលពីពេលថ្មីៗនេះ និងអំពីការត្រៀមរៀបចំការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត ដែលនេះគឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកន្លងប្រជាធិបតេយ្យ សេរីពហុបក្ស។

បន្ថែមពីនេះសម្ដេចក៏បានមានប្រសាសន៍ថាក្រៅពីរៀបចំការបោះឆ្នោតទាំងនោះ រាជរដ្ឋាភិបាលក៏កំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗទៀតដែេ ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម កិច្ចប្រជុំអាស៊ាន កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ី អឺរ៉ុប នាប៉ុន្មានឆ្នាំខាងមុខនេះ ដោយសម្ដេចសង្កត់ធ្ងន់ថាការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការថែរក្សាសេចក្ដីសុខ និងសន្តិភាពគឺរឿងចាំបាច់បំផុត៕

 

អត្ថបទដែលជាប់ទាក់ទង