សម្ដេចក្រឡាហោម ស ខេង រួមទាំងឥស្សរជនសមាជិករាជរដ្ឋាភិបាលជាច្រើនរូបទៀត បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នៅយប់ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងឥស្សរជនសមាជិករាជរដ្ឋាភិបាលជាច្រើនរូបទៀត បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកពីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសជប៉ុន បានប្រពឹត្តទៅចាប់ពីថ្ងៃ២៨ ដល់ថ្ងៃទី៣១ ខែឧសភានេះ ហើយនៅក្នុងឱកាសទស្សនកិច្ចនោះ សម្តេចបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ និងបានអញ្ជើញជាសាក្សីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀងមួយចំនួន ព្រមទាំងបានអញ្ជើញចូលរួមក្នុងកម្មវិធីជាច្រើនទៀត ដែលសុទ្ធសឹងតែនាំមកនូវផលប្រយោជន៍យ៉ាងច្រើនគួរជាទីមោទកៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។ តាមរយៈការតម្លើងកម្រិតចំណងការទូតប្រទេសទាំងពីរដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនេះ បានធ្វើឲ្យប្រទេសទាំងពីរកាន់តែបង្កើនការផ្លាស់ប្ដូរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមក ហើយប្រទេសជប៉ុន នៅតែបន្តឈរជាប្រទេសផ្ដល់ជំនួយឥតសំណងយ៉ាងច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា៕