សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង

នារសៀលថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។

 

មានប្រសាសន៍នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករុក្ខគិរី និងសហការី ព្រមទាំង អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទូទាំងស្រុករុក្ខគិរី ដែលបានប្តេជ្ញាចិត្តរួមគ្នានាំមកនូវ ជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់ នាពេលកន្លងមក ទាំងការបោះឆ្នោត ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ 

 

សម្ដេច ក៏បានគូសបញ្ជាក់អំពីការវិវត្តប្រែប្រួលនៃសភាពការណ៍ អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ប្រទេសជាតិរបស់យើង ព្រមទាំងគោល ការណ៍ណែនាំរបស់គណបក្សយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ ឆ្នាំ២០២៧ ដើម្បីយើងធ្វើការប្តេជ្ញាចិត្តរួមគ្នាបន្តដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការ បោះឆ្នោតដ៏មានសារៈសំខាន់នេះ។

 

ឆ្លៀតក្នុងឱកាសនោះ សម្តេច បានថ្លែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក និងឃុំនានា អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងស្រុករុក្ខគិរី ដែលបានសហការគ្នាអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ចូលរួមថែរក្សា ពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ និងខិតខំជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ ព្រមទាំងខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីឆ្លើយតបនូវសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

 

សម្ដេចមានប្រសាសន៍បន្តថា ក្នុងពេលដែលប្រទេសថៃធ្វើសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជាយើង ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ថ្នាក់ ក៏បាន បំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ក្នុងស្រុករុក្ខគិរី ចូលរួមពង្រឹងសាមគ្គីភាពជាតិក្នុងស្មារតី «ខ្មែរតែមួយ» ជុំវិញរាជរដ្ឋាភិបាល រួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយ បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់វីរយុទ្ធជន ព្រមទាំងគ្រួសារយុទ្ធជននៅសមរភូមិមុខ ជនភៀសសឹក និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងនូវឆន្ទៈ ស្មារតីសាមគ្គី និងការប្តេជ្ញា ចិត្តដ៏មុតមាំរបស់ប្រជាជនកម្ពុជារួបរួមគ្នាការពារទឹកដី និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ជាតិ។

 

សម្ដេច មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា តែងតែ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំណត់ និងរៀបចំនូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ស្របតាមអាណត្តិ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពង្រឹងស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៦ ស្របតាមអាណត្តិ៥ឆ្នាំ ដែលកំណត់ក្នុងច្បាប់។

 

ក្នុងនាម ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈការប្តេជ្ញាចិត្តរួមគ្នាដើម្បីដណ្តើម ជោគជ័យសម្រាប់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នេះ៕

អត្ថបទដែលជាប់ទាក់ទង