សម្តេច ក្រឡាហោម ស ខេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ
សម្តេច ក្រឡាហោម ស ខេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ អាណត្តិទី៣ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ សុវត្ថិភាព និង គ្មានអំពើហិង្សា។
អ្នកទៅបោះឆ្នោតទាំងអស់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែង បានទៅបំពេញភារកិច្ចរបស់ខ្លួន យ៉ាងពេញលេញ ជារួមគឺទាំងដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និង សុវត្ថិភាពសង្គមទូទៅ មានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ។
ជោគជ័យដ៏ថ្លៃថ្លានេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសំខាន់ របស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ក្នុងសង្គមខ្មែរដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវគោលកាណ៍លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងភាពសុខដុមរមនាក្នុងសង្គម ៕