សម្តេចក្រឡាហោម ស ខេង ព្រមទាំងសម្ដេច ទ្រង់ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិ ព្រះរាជវង្សានុវង្ស និងមន្ត្រីជាច្រើនរូបទៀត បានយាង និងអញ្ជើញមកទទួលព្រះរាជដំណើរមាតុភូមិនិវត្តន៍របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលព្រះរាជដំណើរមាតុភូមិនិវត្តន៍របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីព្រះអង្គ ស្ដេចបានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា។
យាង និងអញ្ជើញចូលរួមទទួលព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនាឱកាសនេះ រួមមានឥស្សរជនថ្នាក់ដឹកនាំជាតិកំពូលៗ ក្នុងនោះរួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងមន្ត្រីព្រះបរមរាជវាំង ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារាំង ព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចបានយាងជាកិត្តិយសក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការចូលរួមរវាងកម្ពុជា បារាំង និងសហគមន៍អន្ដរជាតិ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិសេសតាមរយៈយន្តការICC-Angkor ដែលធ្វើឡើងនៅបណ្ឌិតសភាបារាំងខាងសិលាចារឹក និងអក្សរផ្ចង់ ហើយនៅក្នុងឱកាសដ៏មហាវិសេសវិសាលនោះ ព្រះអង្គក៏បានយាងថ្លែងព្រះរាជសុន្ទរកថាទៅកាន់អង្គពិធីដែរ។
សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ដោយមានប្រទេសបារាំងធ្វើជាសហប្រធានរហូតមកដល់សព្វថ្ងៃនេះ និង មានគោលដៅអភិរក្ស និងអភិវឌ្ឍតំបន់អង្គរ បន្ទាប់ពីត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕