សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តនទីជោត្តនារាម (ហៅវត្តខ្យោកជើង)
នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្ត នទីជោត្តនារាម ហៅវត្តខ្យោចជើង ស្ថិតនៅភូមិខ្យោកជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
យោងតាមរបាយការណ៍អភិបាលខេត្តព្រៃវែង វត្តនទីជោត្តនារាម ផ្ដើមកសាងមុនឆ្នាំ១៩៧៥។ ក្នុងសម័យខ្មែរក្រហម វត្តនេះត្រូវយកធ្វើជាស្ថានីយ៍ប៊ូមទឹក។ ក្រោយថ្ងៃ៧មករា ទីអារាមមួយនេះជួបការខ្វះខាតរហូតដល់ឆ្នាំ២០០៥ ទើបមានការចាប់ផ្ដើមកសាងទីសេនាសេនៈធំៗជាបន្តបន្ទាប់ ពិសេសព្រះវិហារ តាមរយៈកម្លាំងសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន អាជ្ញាធរ មន្ត្រីរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
បន្ទាប់មកក្នុងឱកាសប្រកបដោយសេចក្ដីជ្រះថ្លានៃពិធីបុណ្យបញ្ចុះខណ្ឌសីមារព្រះវិហារ និងសម្ពោធសមិទ្ធិផលនានានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងសេចក្ដីរំភើបសប្បាយរីករាយ ដែលបានអញ្ជើញមកចូលរួមជាអធិបតីនៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ក្នុងនាមជាតំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាសមិទ្ធិផលក្នុងទីអារាមវត្ត នទីជោត្តនារាម គឺជាផលដែលកើតចេញពីកម្លាំងរួបរួមសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងថ្នាក់ដឹកនាំជាតិ ក្នុងនោះក៏មានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយសកម្មភាពនេះ ត្រូវបានអនុវត្តតាំងពីក្រោយសម័យខ្មែរក្រហមមកម្លេះ ពីព្រោះថ្វីដ្បិតខ្មែរក្រហមបំផ្លាញវត្តអារាម ប៉ុន្តែព្រះពុទ្ធសាសនានៅតែស្ថិតក្នុងដួងចិត្តពលរដ្ឋខ្មែរជានិច្ច។
សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីឲ្យកត់សំគាល់អំពីភាពរីកចំរើននៃសំណង់ព្រះពុទ្ធសាសនា និងការបដិបត្តិព្រះពុទ្ធសាសនា ដោយសម្ដេចបានមានប្រសាសន៍ថា ទន្ទឹមនឹងការរីកចំរើនផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាម យើងត្រូវផ្ដោតលើការទាញប្រយោជន៍ពីភាពរីកចំរើននេះ ពោលគឺមិនមែនទន្ទឹមនឹងការរីកចំរើននេះ បែរជាការគោរពបដិបត្តិតាមព្រះធម៌ទៅជាថយចុះនោះទេ ដ្បិតព្រះធម៌នេះហើយដែលនាំឲ្យសង្គមមានសេចក្ដីសុខ។
សម្ដេចបានបន្តថាការបដិបត្តិតាមគន្លងព្រះពុទ្ធសានា គឺមិនខុសពីការគោរពច្បាប់ប្រទេស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះទេ គឺសុទ្ធតែមានគោលដៅធ្វើឲ្យសង្គមមានសេចក្ដីសុខ និងការរីកចំរើនដូចគ្នា។ ដូច្នេះសម្ដេចសូមអំពាវនាវព្រះសង្ឃ និងពុទ្ធបរិស័ទពង្រឹងឲ្យកាន់តែល្អ នូវការបដិបត្តិតាមព្រះធម៌ តាមច្បាប់រដ្ឋ និងគោលនយោបាយរាជរដ្ឋាភិបាល ឧទាហរណ៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពជាដើម។
សម្ដេចបានមានប្រសាសន៍ថាគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាយន្តការពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ហើយពលរដ្ឋគឺជាដៃគូត្រូវអនុវត្តជាមួយក្រុមប្រឹក្សា និងនគរបាល ឃុំសង្កាត់ ដើម្បីបង្ការ និងលុបបំបាត់បញ្ហានានា ដូចជាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សា អំពើលួចឆក់ប្លន់ជាដើម ដើម្បីឲ្យមូលដ្ឋានរស់នៅរបស់ពលរដ្ឋ មានសេចក្ដីសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះ សម្ដេចបានបន្តមានប្រសាសន៍ក្រើនរំលឹកអាជ្ញាធរ និងកងម្លាំងប្រដាប់អាវុធ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ហើយតាមដានឲ្យជាប់នូវរាល់ទុក្ខកង្វល់នានា ដើម្បីមានវិធានការណ៍ដោះស្រាយជូនពលរដ្ឋដោយគ្មានការប្រកាន់និន្នការនយោបាយ និងបក្សពួកឡើយ ហើយត្រូវតែចៀសឲ្យផុតពីការបង្កើតភាពអយុត្តិធម៌ក្នុងសង្គម។
ពាកព័ន្ធនឹងដំណើរការកសាងព្រះវិហារដែលប្រារព្ធពិធីបញ្ចុះខណ្ឌសីមានៅថ្ងៃនេះវិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថាសម្ដេច និងឯកឧត្តមអគ្គស្នងការនគរបាលជាតិ នឹងប្រគេនបច្ច័យបង្គ្រប់ការកសាងព្រះវិហារចំនួន៤ម៉ឺនដុល្លារអាមេរិក និងបច្ច័យក៏សាងវត្តចំនួន៥លានរៀលទៀត និងបានសំណូមពរឲ្យវត្តដាំដើមឈើឲ្យបានច្រើន។
ជាចុងបញ្ចប់នៃពិធីសំណេះសំណាល សម្ដេចបានបន្តប្រកាសប្រគេនបច្ច័យតាមរោងទិសក្នុងមួយទិសចំនួន៣សែនរៀល បច្ច័យសីមាឥន្ទ្រកិលចំនួន៥០ម៉ឺនរៀល និងប្រកាសជូនសម្ភារៈ និងថវិកាជូនអង្គពិធី និងអង្គភាពពាក់ព័ន្ធ និងបានអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា និងបានអញ្ជើញកាត់ខណ្ឌសីមាព្រះវិហារវត្តនទីជោត្តនារាម ហៅវត្តខ្យោកជើង ក្នុងបរិយាកាសប្រកបដោយភាពមហាឡារិក និងអធិកអធមទៅតាមគន្លងព្រះពុទ្ធសាសនា៕