សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសជ័យលាភី ការប្រកួតកីឡាវាយកូនគោល
នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន អញ្ជើញ ជា អធិបតី ពិធីប្រកួត កីឡាវាយកូនគោលពានរង្វាន់ សម្តេច ក្រឡា ហោម ស ខេង ដើម្បីអបអរសាទរ ទិវា រំលឹក ខួប អនុស្សាវរីយ៍ លើក ទី ៧៤ ថ្ងៃកំណើត កងកម្លាំង នគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩ នៅ ទីលាន វាយកូនគោល ហ្គ្រេ ន ភ្នំពេញ ។
ពិធីប្រកួត កីឡាវាយកូនគោល ពានរង្វាន់ សម្តេច ក្រឡា ហោម ស ខេង ដ៏មហាឡារិកនេះ មានការ អញ្ជើញ ចូលរួមដោយឥស្សរជនថ្នាក់ដឹកនាំជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងនគរបាលជាតិជាច្រើនទៀតដែរជាពិសេសក្នុងនោះរួមមាន ស ម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធាន សហព័ន្ធ កីឡា វាយ កូន គោល ព្រមទាំង ឯកឧត្តម លោកជំទាវជាអគ្គរាជទូត ឯកអគ្គរដ្ឋទូត ជាច្រើន ផ្សេងទៀត ។
នៅក្នុងការ ប្រកួតវាយកូនគោលពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាល មិត្តភាព និងសាមគ្គីភាពនេះ មាន កីឡាករ ជាតិ - អន្តរជាតិ ចូលរួមសរុបចំនួន ១៨៦ នាក់ ដោយ បានបែង ចែកជា៣ផ្នែក រួមមាន ការប្រកួត ជា ក្រុម មាន៧២នាក់ ក្នុងនោះមួយក្រុមមានគ្នា៣ នាក់ ការប្រកួត ជា ឯកត្តជនមាន៨៦ នាក់ និង ការប្រកួត ផ្នែក នារីមាន ២១ នាក់ ។
បន្ទាប់ពីការប្រកួតប្រកបដោយភាពរីករាយបានបញ្ចប់ លទ្ធផលជ័យលាភីវាយកូនគោលពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ត្រូវបានប្រារព្ធពិធីប្រកាសនៅព្រលប់ថ្ងៃទី១៩ ខែឧសភាដដែលនេះ ជាមួយនឹងការពិសារអាហារសាមគ្គីក្នុងបរិយាកាសប្រកបដោយភាតរភាពបំផុតរវាងឥស្សរជនថ្នាក់ដឹកនាំជាតិ រួមទាំងឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសជាមិត្តនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឈ្មោះជ័យលាភីនៃការប្រកួតវាយកូនហ្គោលពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដើម្បីអបអរសាទរ ទិវា រំលឹក ខួប អនុស្សាវរីយ៍ លើក ទី ៧៤ ថ្ងៃកំណើត កងកម្លាំង នគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩ត្រូវបានប្រកាសជាបន្តបន្ទាប់ ខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ពានរង្វាន់ជូនឥស្សរជនថ្នាក់ដឹកនាំជាតិ និងឯកឧត្តម លោកជំទាវ ជាម្ចាស់ជ័យលាភីក្រោមសំឡេងទះដៃអបអរសាទរយ៉ាងកងរំពង៕