ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក្នុងខេត្តព្រៃវែង រៀបចំនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។

មានប្រសាសន៍ទៅកាន់អង្គពិធី ពិសេសអង្គបោះឆ្នោតទាំងអស់ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោប្រធានគណបក្ស និងក្រុមការងារគណបក្សចុះជួយខេត្តព្រៃវែង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្សខេត្តព្រៃវែង បេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោតទាំងអស់ ដែលបានរួមសហការគ្នាបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សានៅថ្ងៃនេះ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាបើទោះបីការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល ប៉ុន្តែព្រឹត្តិការណ៍នេះ មានសារៈសំខាន់ក្នុងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការកែទម្រង់ជាប្រវត្តិសាស្ត្រនូវរចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាជាសមិទ្ធផលនយោបាយមួយក្នុងចំណោមស្នាដៃជាច្រើន ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបាន។

សម្ដេចបានគូសបញ្ជាក់ថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងហាមមិនឲ្យធ្វើវិសោធនកម្មជាដាច់ខាតនូវការប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនក៏ប្រកាន់ខ្ចាប់ខ្ជួននូវគោលការណ៍ចំបងនេះ ដោយរៀបចំការបោះឆ្នោតទៀងទាត់ ធ្វើឲ្យដំណើរការប្រជាធិបតេយ្យមានភាពស្ថិតស្ថេរ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ។


សម្ដេចក្រឡាហោមបានផ្ដល់ការពន្យល់ជូនអង្គពិធីអំពីថាតើហេតុអ្វីបានជានៅកម្ពុជា មានការបោះឆ្នោតច្រើន គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជ្រើសតាំងសមាជិកព្រឹទ្ធសភា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុងខណ្ឌ ដោយសម្ដេចបានគូសបញ្ជាក់ថាយន្តការនេះ គឺជាមូលដ្ឋានគ្រឹះនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពោលគឺការបោះឆ្នោតជាជម្រើសល្អបំផុតនៃការជ្រើសរើសមេដឹកនាំ ឬតំណាង។

សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជាបានរំលឹកថាមុនឆ្នាំ២០០២ កម្ពុជាបានប្រកាន់យកប្រព័ន្ធគ្រប់គ្រងរដ្ឋបាល តាមបែបមជ្ឈការ ឬប្រមូលផ្ដុំ និងវិសហមជ្ឈការ ឬការចែករំលែកការគ្រប់គ្រងតែប៉ុណ្ណោះបន្ទាប់ពីបានឆ្លងកាត់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលចាប់ពីសម័យអាណានិគមបារាំងមក ប៉ុន្តែក្រោយឆ្នាំ២០០២ កម្ពុជាបានធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រើយន្តការវិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេចបានមានប្រសាសន៍ថាបច្ចុប្បន្ននេះ កម្ពុជាមានបទពិសោធន៍ និងយន្តការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាពហើយ ប៉ុន្តែនៅឡើយតែការជួបភាពខ្វះខាតខ្លះផ្នែកធនធានមនុស្សដែលត្រូវអនុវត្តការងារនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិនោះ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមហាផ្ទៃ កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្ដុះបណ្ដាលមន្ត្រី និងសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនៃការជួបជុំសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវដឹកនាំ និងសម្របសម្រួលធ្វើសកម្មភាពឃោសនាបោះឆ្នោត ប្រកបដោយការយកចិត្តទុកដាក់គោរពច្បាប់ និងបទបញ្ជានៃការបោះឆ្នោត ពង្រឹងសាមគ្គីភាពក្នុងចំណោមបេក្ខជនទាំងពេញសិទ្ធិ និងបំរុង ជាមួយអង្គបោះឆ្នោតទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង