ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិ កម្ពុជា ១៦ ឧសភា ឆ្នាំ១៩៤៥ - ១៦ ឧសភា ២០១៩។

ស្ថិតក្នុងទិវាដ៏ប្រសើរថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះកម្មាំងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញកាតព្វកិច្ចប្រកបដោយសេចក្ដីអង់អាចក្លាហាន និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរកម្លាំងនគបាលជាតិ អំពីការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ បញ្ចៀសបាននូវអំពើភេវរកម្ម បង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងទប់ស្កាត់ឧបាយកល សកម្មភាពរបស់ពួកបច្ចាមិត្តគ្រប់ប្រភេទ ដែលបានបំផុសចលនាបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ និងធ្វើបដិវត្តពណ៌ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកត់សំគាល់ថា កងកម្លាំងនគរបាលជាតិ បានតស៊ូជម្នះគ្រប់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត រួមទាំងអាយុវជីវិត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសាធារណៈ បង្កើតបាននូវបរិយាកាសប្រកបដោយភាពកក់ក្ដៅក្នុងសង្គម និងប្រទេសជាតិទាំងមូល។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ថាជោគជ័យ និងសមិទ្ធផលនយោបាយ សង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់របស់ជាតិ និងប្រជាជនកម្ពុជា ពិសេស នាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែប្រសូត្រចេញពីកត្តាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលមិនអាចកាត់ផ្ដាច់ពីការចូលរួមធ្វើពលីកម្ម ប្រកបដោយមនសិការស្នេហាជាតិ របស់កងកម្លាំងនគរបាលបានឡើយ។


សម្ដេចឧបនាយករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថានគរបាលនៅមូលដ្ឋាន ពិសេសនគរបាលនៅតាមប៉ុស្ត៍រដ្ឋបាល បានបំពេញការងារផ្ទាល់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយការបំពេញការងារប្រកបដោយការទទួលខុសត្រូវ បានធ្វើឲ្យនគរបាលមូលដ្ឋាន និងប្រជាពលរដ្ឋ មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និត ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសកម្មភាពសង្គមផ្សេងទៀត។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានទាញចំណាប់អារម្មណ៍អង្គពិធី ឲ្យកត់សំគាល់អំពីសភាពការណ៍តំបន់ និងពិភពលោក ដែលកំពុងមានការប្រែប្រួល និងស្មុគស្មាញ ពិសេសកមម្មភាពភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការចរាចរ ជួញដួរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងបទឧក្រិដ្ឋបច្ចេកវិទ្យាព័ត៌មានដ៏ទំនើប ដែលកំពុងរីករាលដាល និងបង្កបញ្ហាក្នុងសង្គមគ្រប់កន្លែង។

សម្ដេចបានក្រើនរំលឹកកម្លាំងនគរបាលជាតិ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នក្នុងការដោះស្រាយវិញ្ញាសារដ៏ស្មុគស្មាញទាំងនោះ ដោយត្រូវខិតខំលើកកម្ពស់សមត្ថភាពជំនាញ គោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលលេចឡើង សំដៅធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រចំពោះគោលការណ៍ វិធានការប្រកបដោយការប្ដេជ្ញាចិត្ត ដែលឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាងនាមឲ្យកម្លាំងនគរបាលជាតិទាំងមូលបានលើកឡើងជូនអង្គមិទ្ទិញ ហើយសម្ដេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីរំលឹកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថ្វាយនូវអំណរព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានចំណាយព្រះកាយពល និងព្រះបញ្ញាញាណជ្រោមជ្រែងកសាងដឹកនាំកម្លាំងនគរបាលកម្ពុជា ក្នុងសម័យទាមទារករាជ្យ និងបានបន្សល់ទុកបទពិសោធន៍ល្អៗសម្រាប់កូនចៅជំនាន់ក្រោយ។

សម្ដេចក្រឡាហោម បានថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី និងបានថ្វាយព្រះពរ និងថ្លែងនូវព្រះអំណរព្រះមហាករុណទិគុណយ៉ាងជ្រាលជ្រៅថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រទានថ្ងៃកំណើតជូនដល់នគរបាលជាតិកម្ពុជា និងថ្លែងអំណរគុណសម្ដេចប្រធានរដ្ឋសភា ព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី ចំពោះការដឹកនាំ និងកសាងប្រទេសឲ្យរីកចំរើនឥតឈប់ឈរ។

អត្ថបទដែលជាប់ទាក់ទង