សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកមោងឫស្សី
នារសៀលថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍នាកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួម យ៉ាងសកម្មរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកមោងឫស្សី ដែលបានប្តេជ្ញាចិត្តរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការបោះ ឆ្នោតជាបន្តបន្ទាប់កន្លងមក ទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ សម្រាប់ខេត្តបាត់ដំបង និងស្រុកមោងឫស្សី គណបក្សយើងបានកាន់កាប់មុខតំណែងមេឃុំ គ្រប់ឃុំ ជាប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានក្រុមប្រឹក្សាខេត្ត។ ព្រមជាមួយនេះ សម្តេច ក៏បានថ្លែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទូទាំងស្រុកមោងឫស្សីដែល បានសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការ ជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការខិតខំដោះស្រាយ បញ្ហាប្រឈមនានាដើម្បីឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ នៃ ស្រុកមោងឫស្សីក៏បានបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋានចូលរួមពង្រឹងសាមគ្គីភាពជាតិក្នុង ស្មារតី «ខ្មែរតែមួយ» ជុំវិញរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងសកម្មភាពរំលោភឈ្លានពានពីសំណាក់ប្រទេសថៃ ដោយចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ គ្រឿង ឧបភោគបរិភោគ និងថវិកា ជូនដល់វីរយុទ្ធជននៅសមរភូមិមុខ យុទ្ធជនពលី និង យុទ្ធជនរងរបួស ព្រមទាំងគ្រួសារយុទ្ធជន ជនភៀសសឹក និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ ស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជន កម្ពុជារួមគ្នាការពារទឹកដី និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ។
ក្នុងពិធីជួបប្រជុំនាឱកាសនោះ សម្តេច ក៏បានគូសបញ្ជាក់អំពីការវិវត្តនៃសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ប្រទេសជាតិរបស់យើង ព្រមទាំងគោលការណ៍ ណែនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹម យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕

.jpg)











.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)