សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ នៅខេត្តបាត់ដំបង
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ប្រចាំខែកក្កដា ឆ្នាំ២០២៧ នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មការធិការកណ្តាល និងជាប្រធានគណៈកម្មការធិការគណបក្សខេត្ត បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺជាដំណើរការដ៏មានសារៈសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ។
សម្ដេច មានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ដំណើរការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងជំរុញដំណើរការវិមជ្ឈការនៅថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងការជំរុញអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែឆ្លើយតប និងមានប្រសិទ្ធភាព។ ការបោះឆ្នោតដោយផ្ទាល់នៅថ្នាក់ ឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ចាប់ពីថ្នាក់មូលដ្ឋាន ដែលជាការចូលរួមពង្រឹងស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សម្ដេច មានប្រសាសន៍បន្ថែមថា ក្រៅពីការងារត្រៀមរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដាន គ្រប់គ្រង និងក្តាប់សភាពការណ៍នៅមូលដ្ឋាន សភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សតិអារម្មណ៍ប្រជាពលរដ្ឋ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការអន្តរាគមន៍ និងដោះស្រាយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសផលប៉ះពាល់ដែលបណ្តាលមកពីការបិទច្រកព្រំដែនកម្ពុជា-ថៃ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងកត្តាប្រឈមផ្សេងៗទៀត។ ទន្ទឹមនេះ ត្រូវបន្តតាមដានការវិវត្តនៃស្ថានភាពអាកាសធាតុ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ព្រមទាំងត្រៀមសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីចាត់វិធានការឆ្លើយតប និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេសការដោះស្រាយបញ្ហាទឹក ជួយសង្គ្រោះស្រូវ និងដំណាំដែលរងផលប៉ះពាល់ ការត្រៀមពូជស្រូវ ព្រមទាំងជួយសង្គ្រោះ និងគាំទ្រប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ដើម្បីរក្សាលំនឹងជីវភាពរស់នៅ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
សម្ដេច មានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជំនាញនានា ត្រូវខិតខំពង្រឹងប្រសិទ្ធភាព ការងារក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន និងត្រូវជំរុញការអនុវត្តគម្រោង និងកម្មវិធីអភិវឌ្ឍន៍ នានានៅមូលដ្ឋាន ខិតខំជួយផ្តល់ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការដោះស្រាយឆ្លើយតបសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ និងទាន់ពេលវេលា។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹម យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕








