បំពេញការងារទូតនៅកម្ពុជា ៥ខែ អគ្គរដ្ឋទូតឡាវ លាន់មាត់សរសើរការអភិវឌ្ឍនិងលទ្ធផលបង្ក្រាប Scams
ថ្លែងក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សនសៃ វណ្ណាសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ចំពោះភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសកំណើនអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ដ៏ច្រើនខ្វាត់ខ្វែង ទាំងក្នុងរាជធានី តាមបណ្ដាខេត្ត និងជាពិសេសតំបន់ជនបទ បន្ទាប់ពីឯកឧត្តមផ្ទាល់ បានធ្វើដំណើរបំពេញបេសកកម្មនៅតាមបណ្ដាខេត្តមួយចំនួន។
ក្នុងវិស័យសន្តិសុខ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានមានប្រសាសន៍កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម ក្នុងនោះជាពិសេសក្រសួងមហាផ្ទៃ ដែលក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានយកចិត្តទុកដាក់អនុវត្តវិធានការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយភាពម៉ឺងម៉ាត់ និងលទ្ធផលជាក់ស្ដែង ស្របតាមការប្ដេជ្ញាចិត្ត ដូចបានបញ្ជាក់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឈរលើលទ្ធផលជាក់ស្ដែងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ និងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងមហាផ្ទៃកម្ពុជា ដោយក្នុងនោះ ក្រសួងមហាផ្ទៃ ត្រៀមលក្ខណៈផ្ដល់ការគាំទ្រ និងចែករំលែក បទពិសោធ នៃការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើនទប់ស្កាត់និងបង្ក្រាបបទល្មើសមានលក្ខណៈសកលមួយនេះ ក្នុងនោះក៏រួមទាំងមេរៀននិងបទពិសោធនៃការអនុវត្តអនុក្រឹត្យ០៣ផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសនោះដែរ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះមូលវាចាប្រកបដោយសច្ចធម៌ របស់ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ អំពីស្ថានភាពពិតជាក់ស្ដែងនៅកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ជាប្រកាសជៀសមិនផុតឡើយ ពួកឧក្រិដ្ឋដែលគេចចេញពីការបោសសម្អាតរបស់កម្ពុជា អាចមួយចំនួនបន្តភៀសខ្លួនទៅប្រព្រឹត្តបទល្មើសនៅប្រទេសក្បែរខាង រួមទាំងប្រទេសឡាវ ដែលចាំបាច់ភាគីទាំងពីរត្រូវបន្តធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធានាថាពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ ក៏បានមានប្រសាសន៍រំលឹកអំពីលទ្ធផលប្រកបដោយជោគជ័យ ដែលក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា ឡាវ វៀតណាម ជាពិសេស ការបោះជំហានប្រកបដោយផ្លែផ្កា គំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត កសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន ដើម្បីផ្ដល់លទ្ធភាពឱ្យសមត្ថកិច្ចជំនាញនៃប្រទេសទាំងបី កាន់តែមានភាពងាយស្រួល ក្នុងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសបទល្មើសឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ នាំយកនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការនឹករលឹក ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកជាចាស់ទុំ និងជាមិត្តដ៏ល្អរបស់ក្រសួងមហាផ្ទៃកម្ពុជា និងដូចគ្នាដែរ ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បច្ចុប្បន្ន។ ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ ក៏បានមានប្រសាសន៍ចងសម្ដីគ្នាទៅវិញទៅមកថា ភាគីទាំងពីរនឹងបង្កើតបានអនុស្សាវរីយ៍ការងារល្អៗជាមួយគ្នាបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ៕









