សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានរួមគ្នារក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាលរងខេត្តបន្ទាយមានជ័យនាថ្ងៃនេះ គឺជាដំណើរការធម្មតាក្នុងការគ្រប់គ្រង និងដឹកនាំរដ្ឋបាលសាធារណៈ ដើម្បីពង្រឹងស្ថាប័ន និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
សម្ដេចបានសម្ដែងការកោតសរសើរអភិបាលខេត្តចាស់ និងអភិបាលខេត្តថ្មី ដោយបញ្ជាក់ថាឧត្តមមន្ត្រីទាំងពីររូបនេះ សុទ្ធតែមានស្នាដៃបំពេញការងារបានយ៉ាងល្អ ហើយសម្ដេចស្នើរឲ្យក្រុមប្រឹក្សា និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត បន្តខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដែលបានផ្ដល់ការគាំទ្រ ទាំងស្មារតី និងធនធាន ពិសេសក្នុងការងារជួយសង្គ្រោះពលរដ្ឋ។
បន្ទាប់មក សម្ដេចឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឲ្យអភិបាល និងអភិបាលរងខេត្តដែលទើបតែងតាំង បន្តរួមគ្នាជាមួយក្រុមប្រឹក្សា មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ខិតខំថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ តាមរយៈការអនុវត្តច្បាប់ ការផ្សព្វផ្សាយ និងអប់រំពលរដ្ឋអំពីផលវិបាកនៃការផ្ដួលរាជរដ្ឋាភិបាលស្របច្បាប់ និងការធ្វើបដិវត្តពណ៌។
សម្ដេចបានគូសបញ្ជាក់ថាប្រជាពលរដ្ឋ កំពុងរីករាយទទួលផលពីសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ហើយកត្តានេះបានធ្វើឲ្យក្រុមប្រឆាំងខ្លះរកវិធីអូសទាញពលរដ្ឋឲ្យប្ដូរទស្សនៈ តាមរយៈការបំផុសបំផុលឲ្យធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ ប៉ុន្តែលទ្ធផលនៃចំនួនអ្នកបោះឆ្នោតកន្លងទៅនេះ បានបញ្ជាក់ថាពលរដ្ឋផ្ដល់យុត្តិធម៌មករាជរដ្ឋាភិបាល។
សម្ដេចបានគូសបញ្ជាក់ទៀតថា ក្រុមប្រឆាំងបានយកពាក្យផ្លាស់ប្ដូរជាវិជ្ជមាន មកប្រព្រឹត្តសកម្មភាពខុសច្បាប់ និងបិទបាំងការប៉ុនប៉ងធ្វើបដិវដ្ដពណ៌ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល ការផ្លាស់ប្ដូរ គឺសំដៅដល់ការខិតខំធ្វើកំណែទម្រង់គ្រប់វិស័យដើម្បីផ្ដល់សេចក្ដីសុខជូនពលរដ្ឋ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការរីកចំរើន។
សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ឲ្យអភិបាល និងអភិបាលរងថ្មីនៃខេត្តបន្ទាយមានជ័យ បង្កើនការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវលុបំបាត់ឲ្យបានក្នុងឆ្នាំ២០១៩នេះចំពោះទីកំសាន្តមានគ្រឿងញៀន ទប់ស្កាត់ និងបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងការព្រឹត្តបទល្មើសផ្សេងៗក្នុងសង្គម។
សម្ដេចបានណែនាំអាជ្ញាធរខេត្ត បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលរដ្ឋឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ដើម្បីបញ្ចៀសការប្រឈមុខនឹងវិធានការពីអាជ្ញាធរថៃ ព្រោះតែការឆ្លងចូលទឹកដីថៃដោយខុសច្បាប់ផង និងឬការប្រព្រឹត្តបទល្មើសកាប់ឈើផង ពិសេសដើម្បីកុំឲ្យពួកគាត់ក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។
ជាមួយគ្នានេះ សម្ដេចបានក្រើនរំលឹកអាជ្ញាធរ និងសមត្ថកិច្ចទប់ស្កាត់បទល្មើសលាងសំអាតប្រាក់ ហើយត្រូវចៀសឲ្យផុតពីការជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារសុវត្ថិភាពជនបរទេស បន្តអនុវត្តឲ្យបានល្អនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសំខាន់ៗមួយចំនួនទៀត៕