ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០១៩ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម និងលោកជំទាវ ពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមនាថ្ងៃនេះ មានការអញ្ជើញចូលរួមពីអង្គពិធី សរុបជាង១៥០០នាក់ ដោយជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍ប្រចាំឆ្នាំ ស្ដីពីសកម្មភាពទូទៅរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងរបាយការណ៍របស់អភិបាលខេត្តព្រៃវែង។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយបានគូសបញ្ជាក់ថា សម្ដេច និងភរិយា ពិតជាមានក្ដីរីករាយបំផុត ចំពោះការអញ្ជើញចូលរួមនៅថ្ងៃនេះ និងសូមថ្លែងអំណរគុណដល់អង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមធ្វើឲ្យពិធីនេះមានភាពអធិកអធម។

ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះលទ្ធផលការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបង្ហាញឲ្យឃើញពីការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងក៏ជួយសម្រាលបន្ទុករបស់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលដែរហើយសម្ដេចក៏សូមថ្លែងអំណរគុណចំពោះការចូលរួមសកម្មភាពរបស់ក្រុមការងារពាក់ព័ន្ធ។

សម្ដេចបានមានប្រសាសន៍ថាក្រុមការងារ ទាំងក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋទូទៅ ដោយមិនមានការប្រកាន់និន្នាការនយោបាយឡើយ ហើយសកម្មភាពក្រុមការងារទាំងពីរនេះ គឺជាការរួមចំណែកបន្ថែមទៀតពីលើរបាយការណ៍សកម្មភាពរបស់សាខាកាកបាទក្រហមខេត្តព្រៃវែង។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន និងថវិកាក្រុមហ៊ុន វិភាគទានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ខេត្តព្រៃវែង។

សម្ដេចក៏បានសម្ដែងក្ដីជឿជាក់ថាសប្បុរសជនទាំងអស់ នឹងបន្តចែករំលែកធនធានតាមលទ្ធភាពមកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទាំងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ និងបានថ្លែងកោតសរសើរចំពោះមន្ត្រី និងយុវជនកាកបាទក្រហម ដែលបានខិតខំបំពេញសកម្មភាពមនុស្សធម៌យ៉ាងល្អ ពិសេសការចុះជួយប្រជាពលរដ្ឋរងគ្រោះនៅតាមមូលដ្ឋាន។

សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តអំពាវនាវកុំឲ្យមានការរើសអើង និងប្រកាន់និន្នាការនយោបាយ នៅក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ និងបានរំលឹកឲ្យបន្តរក្សាតម្លាភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាដែលបានមកពីសប្បុរសជន ដើម្បីផ្ដល់ជំនឿទុកចិត្តជូនសប្បុរសជន ទៅតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតជាប្រធាន។


ពិធីសំណេះសំណាលក៏បានបញ្ចប់ ហើយបន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញផ្ដល់កិត្តិយសទទួលថវិកាវិភាគទានពីសប្បុរសជននានា ហើយជាលទ្ធផល ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទទួលបានថវិកាវិភាគទានសរុបជាង៩៤ម៉ឺនដុល្លារអាមេរិក។

 

 

អត្ថបទដែលជាប់ទាក់ទង