ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានទាញចំណាប់អារម្មណ៍អាជ្ញាធរ និងកងកម្លាំងមូលដ្ឋានទាំងអស់ កុំមានទស្សនៈមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ ខែសីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួនដែលទៅដើរនិយាយថារាជរដ្ឋាភិបាលហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេសនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា ព្រឹត្តិការណ៍១៨សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជននិងអ្នកមាននិន្នាការមិនពេញរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូចត្រូវសមត្ថកិច្ចចាប់ខ្លួននិងរកឃើញភស្តុតាង ដូចជាអាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណអាជ្ញាធរ និងកងកម្លាំងនៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការការពារសន្តិសុខបានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យ ការប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានឧបត្ថម្ភអង្ករចំនួន១០តោន មីចំនួន៥០កេសធំ ត្រីខកំប៉ុងចំនួន៥០កេស ទឹកបរិសុទ្ធ ចំនួន៥០០កេស និងអាវភ្លៀង ចំនួន៣០០អាវផងដែរ៕