ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកថា ការខិតខំប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ជាកត្តាចម្បងមួយក្នុងការរួមចំណែកគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ជាពិសេសគឺបែងចែកព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេលវេលាក្នុងកម្រិតអតិបរមា។

ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន និងកំពុងតែដំណើរការយ៉ាងសកម្ម ដោយបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុបណ្ណបើកបរ ព្រមទាំងបានរៀបចំប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបន្ថែមលើប្រព័ន្ធទិន្នន័យយានយន្តចុះបញ្ជីដែលមានស្រាប់ហើយ ក្នុងគោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការពារអាយុជីវិតរបស់ប្រជាជន។

ឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញនៅតាមរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវបន្តបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ ជំនាញ  ប្រព័ន្ធបច្ចេកវិទ្យា មានសីលធម៌ វិន័យ ស្មោះត្រង់ ក្នុងវិជ្ជាជីវៈប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសគឺរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការពិនិត្យ និងអង្កេតកន្លែងកើតហេតុគ្រោះថ្នាក់ច្រើន សំដៅរកឱ្យឃើញមូលហេតុជាក់លាក់បង្កគ្រោះថ្នាក់ បន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ។

បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីបកស្រាយឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយទស្សនៈភាន់ច្រឡំពីសាធារណជន និងបន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម ហើយត្រូវបង្កើនភាពគំរូក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តើមចេញពីមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់បានកើតឡើងចំនួន ១ ៥៣៤លើក មានការថយចុះចំនួន ១៤លើក ស្មើ ១ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំ២០២៣ ប៉ុន្តែចំនួនជនរងគ្រោះមានកំណើនខ្ពស់ជាងឆមាសទី១ ឆ្នាំ២០២៣  ក្នុងនោះ អ្នកស្លាប់មានចំនួន ៧៩៣នាក់ កើនចំនួន ៣៧នាក់ ស្មើនឹង៥ភាគរយ និងអ្នករបួសចំនួន២ ១១៦នាក់ កើនចំនួន ៤៤នាក់ ស្មើនឹង២ភាគរយ។ គ្រោះថ្នាក់ទាំងនេះ បានបង្កដោយអ្នកជិះម៉ូតូ៤៩ភាគរយ អ្នកបើកបររថយន្តធុនស្រាល ៣២ភាគរយ  អ្នកបើកបររថយន្តធុនធ្ងន់ ១០ភាគរយ និងអ្នកបើកបរយាន ផ្សេងៗចំនួន ៨ភាគរយ។ កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការបើកបរលើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ល្មើសការបត់ ល្មើសវ៉ាជែង កត្តាយាន កត្តាស្រវឹង និងល្មើសសញ្ញាចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង