ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកសាស្ត្រាចារ្យ Vitit Muntarbhorn ដែលបានលះបង់កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ជាពិសេសកិច្ចការសិទ្ធិមនុស្ស។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែលជួយជ្រោមជ្រែងកម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ការពង្រឹងសមត្ថភាពជាតិ ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីជំរុញការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕