ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល
នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងខែថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការរម្លឹកដាស់តឿនដល់និស្សិតនគរបាលទាំងអស់កុំប្រព្រឹត្តទង្វើទាំងឡាយណាដែលប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួននៅតែបន្តប្រព្រឹត្តកំហុសដោយចេតនា រហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្ដេញចេញពីក្របខណ្ឌ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា និស្សិតនគរបាលជ័យលាភីដែលត្រូវបានប្រកាសតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទីស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជា ពោលគឺត្រូវតែផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់ការពន្យល់ងាយៗទៀតថា ឯកសណ្ឋាន រួមទាំងស័ក្ដិលើស្មារបស់មន្ត្រីម្នាក់ៗ មិនមែនស្លៀកពាក់ដើម្បីបង្ហាញអំនួត និងភាពអស្ចារ្យអ្វីនោះទេ ពីព្រោះភាពអស្ចារ្យពិតប្រាកដ គឺអាស្រ័យលើគុណភាពនៃការបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានទាញចំណាប់អារម្មណ៍និស្សិតជ័យលាភី រួមទាំងនិស្សិតនគរបាលដែលកំពុងសិក្សា ត្រូវមានស្មារតីគោរពចំពោះការលះបង់របស់អ្នកមានគុណ គឺមាតា បិតា និងក្រុមគ្រួសារ ដែលតែងតែខិតខំគ្រប់បែបយ៉ាងដើម្បីឱ្យពួកគេទទួលបានការសិក្សាតាំងពីតូចមក ទម្រាំមានឱកាសបានមកចូលរួមក្នុងពិធី និងឃើញដោយផ្ទាល់នូវជោគជ័យនៃការសិក្សាររបស់ពួកគេ ដែលពេលនេះ បានក្លាយជានគរបាលជាតិ និងត្រៀមចេញទៅបំពេញការងារបម្រើជាតិ និងប្រជាជន ដូចក្ដីប្រាថ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តយកចិត្តទុកដាក់កិច្ចការកំណែទម្រង់ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងបរិបទឌីជីថល ក្នុងនោះត្រូវត្រៀមលក្ខណៈពិនិត្យចំណុចល្អៗក្នុងសៀវភៅគោលនៃការបណ្ដុះបណ្ដាលនគរបាលសិង្ហបុរី វិភាគនិងវាយតម្លៃគុណភាពនៃការបណ្ដុះបណ្ដាលនិស្សិតរយៈពេល៤ឆ្នាំ ពង្រឹងគ្រូបន្តវេនភ្ជាប់ដោយការលើកទឹកចិត្ត និងត្រូវអញ្ជើញស្នងការនគរបាលរាជធានី ខេត្ត មកធ្វើបទឧទ្ទេសនាមអំពីបទពិសោធន៍ផ្ទាល់ដល់និស្សិតនគរបាល។ ឯកឧត្តមក៏បានប្រកាសជួយសាងសង់អគារស្នាក់នៅរបស់សាស្រ្តាចារ្យ និងគ្រូនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ៕