ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា ២ខ្នង ២ជាន់ ២៤បន្ទប់ និងបំពាក់គ្រឿងសង្ហារឹមមួយកំប្លេរ ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ពានរោង ស្ថិតនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា ២ខ្នង ២ជាន់ ២៤បន្ទប់ និងបំពាក់គ្រឿងសង្ហារឹមមួយកំប្លេរ ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ពានរោង ស្ថិតនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង ដែលបានសហការសាមគ្គីគ្នាបំពេញការងារយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែល្អប្រសើរជាលំដាប់។

សម្តេចក្រឡាហោម ក៏សូមចូលរួមអបអរសាទរជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងចៅៗ ក្មួយៗសិស្សានុសិស្សក្នុងវិទ្យាល័យ ហ៊ុន សែន ពានរោង ដែលទទួលបាននូវសមិទ្ធផលជាអគារសិក្សាថ្មីចំនួន ២ខ្នង ២ជាន់ ២៤បន្ទប់ ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាការ សិក្សារបស់សិស្សានុសិស្សរបស់យើងឱ្យកាន់តែល្អប្រសើរថែមទៀត ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា សមិទ្ធផលអគារសិក្សាថ្មី ២ខ្នង ដែលបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នៅអំឡុងខែមេសា ឆ្នាំ២០២៤ កន្លងទៅ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមកសាងសមិទ្ធផលជាអគារសិក្សាថ្មីនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យមានអាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា សមិទ្ធផលទាំងឡាយផ្សេងៗទៀតក្នុងមូលដ្ឋានខេត្តព្រៃវែង ឱ្យកាន់តែរីកចម្រើនជាលំដាប់។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា សារៈសំខាន់នៃការវិនិយោគលើវិស័យអប់រំ ខណៈដែលវិស័យមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការកសាងធនធានមនុស្សសម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពទៅលើការពង្រឹងគុណភាពអប់រំ, ការបន្តកែទម្រង់សាលារៀនដោយផ្តោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន, ការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត, ការបន្តលើកកម្ពស់ការអប់រំតាមបែបឌីជីថល, ការលើកកម្ពស់សុខភាពការសិក្សា និងការបង្កើនអាហារូបករណ៍សម្រាប់សិស្សនិស្សិតក្រីក្រ និងងាយរងគ្រោះ ព្រមទាំងការលើកកម្ពស់វិស័យកីឡាភ្ជាប់នឹងការអប់រំផងដែរ។

សម្តេចក្រឡាហោម មានប្រសាសន៍គូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយ និងវិធានការគន្លឹះទាំងនេះ គឺមានគោលដៅធ្វើឱ្យសាលារៀនក្លាយទៅជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នោះហើយ សាលារៀត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកភាពវិជ្ជមាននៃលទ្ធផល សិក្សារបស់សិស្សានុសិស្ស។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនផងដែរ ដល់រដ្ឋបាលខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងអង្គពិធីផងដែរ។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាសមិទ្ធផលជាអគារសិក្សាថ្មីទាំង ២ខ្នង នេះ នឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការចំពោះមុខរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និងចូលរួមថែរក្សាឱ្យគង់វង្សយូរអង្វែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង