សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នៅរសៀលថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ កស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមទាំងឥស្សរជនថ្នាក់ដឹកនាំជាតិ បានអញ្ជើញពិសារអាហារស្រាយបួសរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម៦លើកហើយ គិតចាប់ពីឆ្នាំ២០១៤មក។ ពិធីនៅល្ងាចនេះ មានបងប្អូនខ្មែរឥស្លាម៤៧៥០នាក់បានអញ្ជើញចូលរួម ក្នុងនោះមកពីបណ្តាខេត្ត២៤៥០នាក់ និងរាជធានីភ្នំពេញ១៩៨០នាក់។ ជាមួយគ្នានេះ មានសាសនិកឥស្លាមជាជនបរទេស៣២០នាក់ មកពី៣២សញ្ជាតិ និងតំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ៣នាក់ ក៏បានអញ្ចើញចូលរួមក្នុងពិធីស្រាយបួសនេះដែរ។
ប្រទេសកម្ពុជាមានពលរដ្ឋជាខ្មែរឥស្លាមជិត១លាននាក់ កំពុងរស់នៅប្រកបដោយភាពសុខសាន្ត។ រដ្ឋធម្មនុញ្ញបានផ្ដល់ការគោរពចំពោះជំនឿសាសនារបស់ពលរដ្ឋ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពលរដ្ឋខ្មែរទូទៅនិយាយជារួម និងនិយាយដោយឡែកពលរដ្ឋជាខ្មែរឥស្លាម កំពុងរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមម្លប់ព្រះមហាក្សត្រជាទីគោរពសក្ការៈ។ សន្តិភាពបានផ្ដល់ឱកាសឲ្យពលរដ្ឋ អាចបដិបត្តិបានយ៉ាងពេញលេញទៅតាមជំនឿសាសនារៀងៗខ្លួន៕