ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត សាត់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ
នារសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត សាត់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។
លទ្ធផលប្រកបដោយវិជ្ជមាន នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេសុី ត្រូវបានកត់សម្គាល់ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរចំពោះ ឯកឧត្ដម បណ្ឌិត ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតនៅកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាច្រើន ដែល ឯកអគ្គរដ្ឋទូត អាណត្តិមុនៗសម្រេចបាន ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបង្ហាញការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើងថែមទៀតលើគ្រប់វិស័យ ។
ឯកឧត្ដម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានអបអរសាទរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា ។
ឯកឧត្ដម បណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ជាថ្មីម្ដងទៀតបានជូនពរ ឯកឧត្ដម បណ្ឌិត ឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕