ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ

នារសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ ។

អញ្ជើញមានប្រសាសន៍ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំមកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខណ្ឌច្បាប់ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ OHCHR ដែលបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូជាតិ និងអន្តរជាតិដទៃទៀតនៅកម្ពុជា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស សំដៅគាំទ្រដល់ការពង្រឹង សន្តិភាព និងដំណើរការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូនលោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR  អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានការដាក់ចេញនូវយន្តការច្បាប់នានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែន ក្នុងពន្ធនាគារ រួមមានការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលជាដំណោះស្រាយចំពោះមុខ។

ជាការឆ្លើយតប លោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត អំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលតែងតែផ្ដល់កិច្ចសហការជាមួយ OHCHR និងបានអនុញ្ញាតឱ្យប្រតិភូ OHCHR ចុះ ទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលកែប្រែនានានៅក្នុងប្រទេសកម្ពុជា។

លោកស្រី ក៏បានគូសបញ្ជាក់នូវការត្រៀមខ្លួនជានិច្ចរបស់ OHCHR ក្នុងការគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Roueida El Hage ក៏បានឯកភាពក្នុងការបន្តកិច្ចសហការ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារដែលបានធ្វើក្នុងពេលកន្លងមកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង