ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញជាអធិបតី ពិធីថ្លែងអំណរគុណក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ

នៅល្ងាចថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំច ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញជាអធិបតី ពិធីថ្លែងអំណរគុណក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តទាំង៣ខេត្ត ពិសេសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តទាំងបី ដែលបានលះបងកម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងធនធាន ចូលរួមធ្វើឲ្យព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរឆ្នាំថ្មីកន្លងទៅនេះប្រព្រឹត្តិទៅដោយជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណអាជ្ញាធរខេត្ត មន្រ្តីរាជការចំណុះខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់នៃខេត្តទាំងបី ដែលបានរួមសហការគ្នាធ្វើឲ្យព្រឹត្តិការសង្ក្រាន្តទាំង៣ខេត្តនេះ ប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ មានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ធ្វើឲ្យពលរដ្ឋកាន់តែមានភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនោះ។

សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គពិធីដែលភាគច្រើនជាក្រុមយុវជនថាកត្តាសុខ និងសន្តិភាពទូទាំងប្រទេស បានផ្ដល់ឱកាសឲ្យក្រុមការងារយុវជន មានលទ្ធភាពរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបានយ៉ាងរលូន ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំបន្តថែរក្សាសុខសន្តិភាពប្រទេសជាបន្តទៀត។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណ សប្បុរសជននានា ដែលបានចូលរួមចែករំលែកធនធានដើម្បីគាំទ្រសកម្មភាពក្រុមយុវជនក្នុងដំណើរការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តផ្ដល់ភាពរីករាយជូនប្រជាពលរដ្ឋ ហើយសម្ដេចពិតជារីករាយណាស់ ព្រោះព្រឹត្តិការណ៍សង្ក្រាន្តទាំង៣ខេត្តឆ្នាំនេះ មានសប្បុរសជនចូលរួមច្រើនជាងឆ្នាំកន្លងទៅ។

បើទោះបីជាក្រុមការងារយុវជនខេត្តទាំងបី មិនទាន់បានកំណត់ថានឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ទាំងខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យនៅឆ្នាំក្រោយនេះទៀតក៏ដោយ សម្ដេចក្រឡាហោម បានប្រកាសជាមុនថានឹងបន្តការគាំទ្រ និងថាអាជ្ញាធរខេត្តទាំងបី ក៏មានលទ្ធភាពរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះដែរ។

ជាថ្មីទៀតសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារយុវជនគ្រប់ខេត្ត ដែលបានរួមសហការគ្នារៀបចំព្រឹត្តិការសង្ក្រាន្តផ្ដល់ភាពសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសឆ្នាំថ្មីទូទាំងប្រទេស និងបានអញ្ជើញប្រគល់បណ្ណសរសើរជូនក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង បាត់ដំប និងបន្ទាយមានជ័យ៕

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង