សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ
នៅយប់ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅសាធារណរដ្ឋកូរ៉េ។
យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ចាប់ពីថ្ងៃទី៣០ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ជីន យុង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរបានឯកភាពកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖
១ បន្តយកចិត្តទុកដាក់អនុវត្តអនុស្សារណៈដែលស្ថាប័នទាំងពីរបានចុះហត្ថលេខាកាលពីពេលកន្លងមក ទាំងលើការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការងារនគរបាលជាតិឲ្យទទួលបានជោគជ័យ។
២ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការពង្រឹងមន្ត្រីរដ្ឋបាលថ្នាក់មូលដ្ឋាន។
៣ បន្តការគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ និងបច្ចេកទេស ព្រមទាំងចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍លើការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម បទល្មើសបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន
៤ ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍លើការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធអត្តសញ្ញាណកម្ម និងប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រជាជន សំដៅកសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិរួម ប្រកបដោយប្រសិទ្ធភាព។
ក្រៅពីជំនួបទ្វេភាគី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញដឹកនាំគណប្រតិភូបំពេញទស្សនកិច្ចដកពិសោធន៍ នៅទីភ្នាក់ងារនគរបាលជាតិកូរ៉េ មជ្ឈមណ្ឌលអន្តរាគមន៍ទាន់ហេតុការណ៍ និងមជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍ផ្លូវគោគ ដើម្បីស្វែងយល់អំពីកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ ការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងការគ្រប់គ្រង និងថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញទស្សនកិច្ចវិទ្យាស្ថានអភិវឌ្ឍន៍មន្ត្រីរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលជាអង្គភាពទទួលបន្ទុកការងារកសាងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃកម្ពុជា ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍មន្ត្រីរដ្ឋបាលថ្នាក់មូលដ្ឋាននៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ លើការងារអភិវឌ្ឍន៍កម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូបង្គោល និងការគ្រប់គ្រងទូទៅ។
បន្ទាប់មកនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញទស្សនកិច្ចទៅកាន់ទីក្រុងរដ្ឋបាលស្វយ័តពិសេសសេជុង ដើម្បីសិក្សាស្វែងយល់អំពីការរៀបចំគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការអនុវត្តប្រព័ន្ធ Smart City ព្រមទាំងកឋរដំណើរការប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិក E-Government របស់សាធារណរដ្ឋកូរ៉េ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការពង្រឹងភាពជាម្ចាស់ ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន៕