ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ភារធារី នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹនាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ភារធារី នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ទស្សនកិច្ចនេះ មានគោលបំណងជួយភាគីកម្ពុជាដកស្រង់បទពិសោធន៍យុទ្ធសាស្រ្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជាមានក្ដីសង្ឃឹមថានឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់ គ្រ ងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល មន្រ្តីនគរបាលលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើនូវសេចក្ដីសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តម Pablo Kang និងបានចាត់ទុក វត្តមានឯកឧត្តមក្នុងជំនួបនេះ ថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តប ង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតឱ្យជួបសម្ដែងការគួរសម និងក៏បានបង្ហាញការឯកភាពចំពោះការវាយតម្លៃរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី។ ឯកឧត្តមក៏បានរម្លឹកអំពីលទ្ធផលវិជ្ជមាន នៃដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤ ដែលឈានដល់ការចុះហត្ថលេខាឱ្យមានជើងហោះហើរត្រង់ពីប្រទេសអូស្រ្តាលីមកកម្ពុជា។
ក្នុងជំនួបនោះដែរ ឯកឧត្ដមភារធារី និងឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាមួយនិងការថ្លែងអំណអរគុណចំពោះការចំណាយពេលវេលាដ៏មមាញឹករបស់ឯកឧត្តមភារធារី ដើម្បីចូលជួបពិភាក្សាការងារ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីសង្ឃឹមថាភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេង ៗដល់ក្រសួងមហាផ្ទៃ។ ជាថ្មីម្ដងទៀត ប្រមុខក្រសួងមហាផ្ទៃក៏សង្ឃឹមថាដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃទៅប្រទេសអូស្រ្តាលីនាពេ លខាងមុខ នឹងទទួលបានលទ្ធផលផ្លែផ្កា ផ្តល់ អត្ថប្រយោជន៍ ដូចជាចំណេះដឹង និងបទពិសោធន៍ល្អៗ លើការអនុវត្តការងារ។
គួរកត់សម្គាល់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចប្រកបដោយជោគជ័យរយៈពាលជាង១សប្ដាហ៍ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បាដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន៕