ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាលជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន ៤៩០នាក់
នារសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាលជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន ៤៩០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានប្រគល់ភារកិច្ច និងលើកទឹកចិត្តខ្ពស់ឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស ដឹកនាំ និងសម្របសម្រួលការរៀបចំប្រកាស ស្ដីពី បទវិន័យនគរបាលជាតិកម្ពុជា រហូតសម្រេចបានជោគជ័យ។ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រចារ្យ ក៏បានអានខ្លឹមសារទាំងស្រុង នៃប្រកាសប្រកាស ស្ដីពី បទវិន័យនគរបាលជាតិ ទាំង៣៥ប្រការ ជូនអង្គពិធី។
ប្រកាស ស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះហត្ថលេខាឱ្យប្រើកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ជំនួសបទបញ្ជាលេខ ០០៦ ដែលចុះហត្ថលេខាដោយសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ ប្រកាសថ្មីនេះ មាន ៧ជំពូក ចែងអំពីបទបញ្ញត្តិទូទៅ សិទ្ធិ និងកាតព្វកិច្ច បទវិន័យនគរបាលជាតិកម្ពុជា ការចូលរួមការងារសង្គម ការលើកសរសើរនិងជូនរង្វាន់ ការដាក់ទណ្ឌកម្ម និងអវសានប្បញ្ញត្តិ។
អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការផ្សព្វផ្សាយប្រកាស ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា នេះថា បាមធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញនូវផែនការសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅគ្រប់ផ្នែក ក្នុងនោះមានទាំងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងសហការី ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានផ្ដួចផ្ដើមគំនិតរៀបចំតាក់តែងនូវបទវិន័យនគរបាលជាតិកម្ពុជាថ្មី សម្រាប់ជាមូលដ្ឋានគតិយុត្ត ដ៏មានសារៈសំខាន់ ដើម្បីអនុវត្តចំពោះមន្ត្រីនគរបាលជាតិទូទាំងប្រទេស។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សមិទ្ធផលប្រកាសវិន័យនគរបាលជាតិកម្ពុជា ក៏ជាសក្ខីភាពឆ្លុះបញ្ចាំងអំពីលទ្ធផល នៃកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ឱ្យឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យរបស់មន្ត្រីនគរបាលជាតិ ឱ្យកាន់តែប្រសើរឡើងថែមទៀត ទាក់ទងការលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយសរបស់នគរបាលជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យនគរបាលជាតិកម្ពុជា ថ្មីនេះត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការចាប់ពីពេលនេះ កងកម្លាំងនគរបាលជាតិរបស់យើងទាំងមូល នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវមានការអប់រំកែលម្អអំពីអាកប្បកិរិយា សីលធម៌ វិន័យឱ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។
ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ឱ្យអង្គភាពនីមួយៗ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះ បន្តដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីឱ្យមន្ត្រីបានយល់ដឹង និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានក្រុមប្រឹក្សាវិន័យ ដែលមានភារកិច្ច ពិនិត្យ និងសម្រេច ដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលជាតិណាម្នាក់ ដែលប្រព្រឹត្តល្មើសវិន័យ ផ្អែកតាមខ្លឹមសារនៃប្រកាសនេះនិងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ជាមូលដ្ឋានគតិយុត្ត។
ចំពោះការដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលណាម្នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំអង្គភាពនីមួយៗ ត្រូវរៀបចំបែបបទ និងនីតិវិធីឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមឋានានុក្រម រួចបញ្ជូនមកអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីពិនិត្យនិងលើកយោបល់។ ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់ខ្ពស់លើមន្ត្រីនគរបាលសកម្ម និងមានស្នាដៃ គឺត្រូវមានការលើក ទឹកចិត្ត តាមរយៈការតែងតាំងមុខតំណែង ការដំឡើងឋានន្តរស័ក្ដិ ការផ្ដល់គ្រឿងឥស្សរិយយស តាមគោលការណ៍កំណត់ ក្នុងនោះដែរក៏ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងឱកាសដល់និស្សិត ឬសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាជំនាញនគរបាល ទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើបណ្ឌិត្យសភានគរបាលកម្ពុជា បញ្ចូលខ្លឹមសារនៃប្រកាសថ្មីនេះ ទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្ដុះបណ្ដាលនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ឱ្យបានយល់ដឹងអំពីបទវិន័យនគរបាលជាតិកម្ពុជា ក្នុងន័យរៀបចំឱ្យនគរបាលបន្តវេនថ្មី ប្រកាន់ខ្ជាប់នូវវិន័យ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ស័ក្ដិសមជានគរបាលរបស់ប្រជាជន និងត្រូវរៀបចំកិច្ចប្រជុំតាមដាន វាយតម្លៃការអនុវត្តជារៀងរាល់ ៣ខែម្ដង ឱ្យបានទៀងទាត់ជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយការវាយតម្លៃ ត្រូវតែផ្អែកលើសូចនាករវាស់វែងជាក់លាក់ ដើម្បីយើងអាចដឹងបានថាតើការអនុវត្តមានប្រសិទ្ធភាពកម្រិតណា? មានបទវិន័យល្អ ប៉ុន្តែមិនមានការគោរពអនុវត្តពីមន្ត្រីគ្រប់រូបនោះ គឺស្មើនឹងអត់វិន័យ៕