សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់សាធារណរដ្ឋកូរ៉េ
នៅព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិអ៊ុនឈ័ន នៃសាធារណរដ្ឋកូរ៉េ ដើម្បី បំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
អញ្ជើញទទួលដំណើរសម្ដេចក្រឡាហោម ព្រមទាំងគណប្រតិភូជាន់ខ្ពស់នៅអាកាសយានដ្ឋាននាឱកាសនោះ រួមមានឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មន្ត្រីជាន់ខ្ពស់តំណាងក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
យោងតាមកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ជីន យុង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ ហើយជំនួបនោះនឹងផ្ដោតលើការលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ការដកបទពិសោធន៍ការងារសុវត្ថិភាពចរាចរណ៍ ការប្រឆាំងភេវរកម្ម និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលជាតិ។
ដោយឡែក ក្រៅពីជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើទស្សនកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន និងមជ្ឈមណ្ឌល E-Government នៃសាធារណរដ្ឋកូរ៉េផងដែរ៕ (រូបភាពស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ)