ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្ត មុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្ត មុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺជូនគណៈអធិបតី និងអង្គពិធីរួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាព ពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម រួមគ្នារក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូល។

សម្តេចមានប្រសាសន៍ថា វត្តមុនីរង្សីរតនារាម ហៅវត្តមុំខាងជើង ដែលស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនយើងនេះ មានអាយុកាល ១០៧ឆ្នាំ មកហើយ។ ដំបូងបង្អស់វត្តនេះមានឈ្មោះថា «វត្តអន្លង់កាហែ» បានកសាងឡើងនៅឆ្នាំ១៩១៧ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ក្រោយមកត្រូវបានប្តូរទីតាំងមកនៅ ភូមិខ្ពបជុំ វិញ និងបានប្តូរឈ្មោះជា វត្តខ្ពបជុំ។ បន្ទាប់មកទៀតនៅឆ្នាំ១៩៤០ ក៏បានប្តូរទីតាំងម្តងទៀតមកនៅភូមិមុំ្រ និងបានប្តូរឈ្មោះមកជា វត្តមុំ្រ វិញ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់១៩៧៩ ពួកមេដឹកនាំខ្មែរក្រហមបានបង្ខំឱ្យព្រះសង្ឃទាំងអស់ចាកសក្ខាបទ ដើម្បីយកទីតាំងវត្តនេះ ធ្វើជាឃ្លាំងយុទ្ធោបករណ៍។ ក្រោយថ្ងៃសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរស់ឡើងវិញថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ពុទ្ធបរិស័ទចំណុះជើងវត្តក៏បានរួបរួមគ្នាកសាងវត្តនេះឡើងវិញជាបណ្តើរៗ។ រហូតដល់ក្រោយបោះឆ្នោតសភាអាណត្តិទី១ ដែលមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ពេលនោះជាប្រធានរដ្ឋសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ជាភរិយា បានជួយកសាងព្រះវិហារថ្មីមួយធ្វើពីថ្មប្រក់ពីក្បឿង មានទំហំ ៩ម៉ែត្រ គុណ ១២ម៉ែត្រ ហើយសម្តេច និងលោកជំទាវក៏បាន ចូលរួមជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនោះផងដែរ។ លុះដល់ឆ្នាំ២០១៥ វត្តមុំ្រ ត្រូវបានប្រសិទ្ធនាមឈ្មោះជាភាសាបាលីហៅថា វត្តមុនីរង្សីរតនារាម ហៅវត្តមុំ្រខាងជើង តាំងពីពេលនោះមក។


សម្តេច មានប្រសាសន៍បន្តថា ក្នុងអំឡុងពេលនោះដែរ ព្រះវិហារដែលសង់ពីថ្មប្រក់ក្បឿង និងមានទំហំតូចនោះ មានសភាពទ្រុឌទ្រោម ពុកផុយ និងលិចជ្រាបទឹក ធ្វើឱ្យរូបគំនូរនៅក្នុងព្រះវិហារត្រូវខូចខាតទាំងស្រុង ទើបព្រះគ្រូធម្មសំវរ គង់ សុខហាន ព្រះចៅអធិការវត្តបច្ចុប្បន្ន លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានស្នើសុំបិណ្ឌបាតមកខ្ញុំព្រះករុណាខ្ញុំ និងភរិយា ឱ្យជួយរៀបចំកសាងព្រះវិហារថ្មីមួយទៀត ដើម្បីបន្តកេរ្តិ៍តំណែលរបស់សម្តេច ជា ស៊ីម និងលោកជំទាវបន្តទៀត។ តាមការស្នើសុំបិណ្ឌបាត នោះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានផ្តួចផ្តើមគំនិត និងចូលរួមឧបត្ថម្ភកសាងព្រះវិហារថ្មីមួយទៀតនៅលើទីតាំងចាស់ដដែល។ ព្រះវិហារថ្មីនេះមានទំហំ ១២ម៉ែត្រ គុណ ២១ម៉ែត្រ ដោយយកគំរូ តាមក្បួនខ្នាតព្រះវិហារ គុណឪពុក គុណម្តាយ ហើយត្រូវប្រើរយៈពេលសាងសង់ ៣ឆ្នាំ ១ខែ ១៦ថ្ងៃ ទើបរួចរាល់ជាស្ថាពរ និងបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមានាថ្ងៃនេះ ហើយក៏សូមឧទ្ទិសមហាកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញឹម សឿន ជាស៊ីម ដែលសម្តេច និងលោកជំទាវ ក៏ធ្លាប់បានផ្តួចផ្តើមគំនិត និងចូលរួមឧបត្ថម្ភកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តមុនីរង្សីរតនារាម (ហៅវត្តមុំ្រខាងជើង) នេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសប្បុរសជន ជាពុទ្ធបិរស័ទមកទីឆ្ងាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ចូលរួមជួយកសាងព្រះវិហារថ្មីដ៏ស្កឹមស្កៃ ព្រមទាំង សមិទ្ធផលនានាជាច្រើនទៀត ធ្វើឱ្យវត្តមុនីរង្សីរតនារាម (ហៅវត្តមុំ្រខាងជើង) កាន់តែមានសោភ័ណភាពស្រស់ស្អាតជាទីមនោរម្យស័ក្តិសមជាទីសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនមកពីទីជិតទីឆ្ងាយ។ ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមសម្តែងនូវការកោតសើរដោយស្មោះចំពោះព្រះគ្រូធម្មសំវរ គង់ សុខហាន ជាព្រះចៅអធិការ លោកតាអាចារ្យ និងគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា ពង្រឹងព្រះធម៌ ព្រះវិន័យ ដល់ព្រះសង្ឃ និងបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីអារាមមួយនេះឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់ កិត្យានុភាពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង។

សម្តេច មានប្រសាសន៍បន្ថែមថា ទីវត្តអារាមនេះ មិនគ្រាន់តែជាកន្លែងដ៏មានសារៈសំខាន់សម្រាប់ពុទ្ធបរិស័ទគោរព បូជាធ្វើបុណ្យទានផ្សេងៗប៉ុណ្ណោះទេ តែក៏ជាកន្លែងតម្កល់ទុកឯកសារ គម្ពីរនានា ទាំងខាងអាណាចក្រ និងទាំងខាងពុទ្ធចក្រសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស។ ជាក់ស្តែង ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់អំពីការបន្តយកចិត្តទុកដាក់ និងខិតខំធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលមួយនៃជីវភាពខាង ផ្នែកស្មារតី ដោយបញ្ញាបការអប់រំតាមរយៈវិស័យព្រះពុទ្ធសាសនា និងការបំផុសគំនិតឆ្នៃប្រឌិត ដើម្បីចូលរួមលើកស្ទួយសង្គមជាតិ។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ នៃការធ្វើសុខដុមជាតិសាសន៍ និងសាសនា តាមរយៈការប្រកាន់ខ្ជាប់ការគោរពសិទ្ធិ សេរីភាពខាងផ្នែកជំនឿសាសនា និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងទៀតក្នុង ព្រះរាជាណាចក្រកម្ពុជា។ វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ដោយរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្ក លក្ខណៈអំណោយផលដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការ បណ្តុះផ្នត់គំនិតវិជ្ជមាន និងការចែករំលែក ជួយគ្នាទៅមក ក្នុងនាមជាពលរដ្ឋគំរូ។

សម្តេចក្រឡាហោម ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឱកាសដ៏ថ្លៃថ្លានេះ ចូលរួមនូវមតិយោបល់ជាអនុសាសន៍ សូមចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃៗទៀត។ សូមចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ។ សូមបន្តពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និងចូលរួមថែរក្សា មរតក ប្រពៃណី និងទំនៀមទំលាប់ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកប ដោយចំណេះដឹង ជំនាញ និងគុណធម៌ ប្រកាន់ក្រឹត្យវិន័យឱ្យបានខ្ជាប់ខ្ជួន។ សូមរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យល្អរឹងមាំរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទគ្នាឯង ដោយចេះស្រឡាញ់ និងគោរពរាប់អានគ្នាទៅវិញទៅមក ត្រូវប្រកាន់នូវព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា និងឧបេក្ខា និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ ក្រោយកោតសរសើរ គោរព និងរៀនសូត្រតាម។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលដ៏ស្កឹមស្ពៃថ្លៃថ្លានេះ នឹងឆ្លើយតបទៅតាមតម្រូវការចំពោះមុខរបស់ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាបងប្អូនជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល សូមប្រើប្រាស់សមិទ្ធផលទាំងនេះ ជាប្រយោជន៍រួម និងចូលរួមថែរក្សាឱ្យបានឋិតថេរ គង់វង្ស យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង