ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

បន្ទាប់ពីបានស្តាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីរបស់លោក យស ស៊ីណាត អភិបាល នៃគណៈអភិបាលខេត្តពោធិ៍រៀងរួចមក អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង ដែលបានសហការ សាមគ្គីគ្នាបំពេញការងារយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែល្អប្រសើរជាលំដាប់។

សម្តេច ក៏បានសម្តែងនូវការអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ និងចៅៗជាសិស្សានុសិស្ស នៅតាមបណ្តាសាលារៀន ដែលទទួលបាននូវសមិទ្ធផលថ្មីជាអគារសិក្សា អគារទីចាត់ការ ក៏ដូចជាអគារបណ្តាល័យ ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់ចៅៗជាសិស្សានុសិស្ស។ ទន្ទឹមនេះ សម្តេច ក៏សូមកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបង្ហាត់បង្រៀនសិស្សឱ្យទទួលបាននូវចំណេះដឹង និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្តេចបានមានប្រសាសន៍បន្តថា សមិទ្ធផលដែលបានដាក់សម្ពោធនាពេលនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់បងប្អូនអ្នកស្រុកពោធិ៍រៀងរបស់យើង និងបានចំណាយអស់ថវិកាជាច្រើនដែលផ្តើមចេញពីការខិតខំប្រឹងប្រែង រួមជាមួយនឹងការចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួនរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ព្រមទាំងការចូលរួមបរិច្ចាគផ្សេងៗទៀតពីសំណាក់សប្បុរសជននានា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង និងសប្បុរសជននានា ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមកសាងសមិទ្ធផល ដែលបម្រើឱ្យវិស័យអប់រំឱ្យកាន់តែរីកចម្រើនជាលំដាប់ ព្រមទាំងសមិទ្ធផលផ្សេងៗទៀតក្នុងមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែងរបស់យើង។

សម្តេច មានប្រសាសន៍បន្ថែមថា ក្រោយថ្ងៃរំដោះ ៧មករា និងតាមរយៈការអនុវត្តដោយជោគជ័យនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងទៀត បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ជាអាទិភាព។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងការបន្តយកចិត្តទុកដាក់លើវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្តល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការបន្តកែទម្រង់សាលារដ្ឋដោយផ្តោតលើការពង្រឹងសមិទ្ធផល ដែលមានស្រាប់ការជម្រុញការបង្កើតសាលារៀនគំរូ ការពង្រឹងអភិបាលកិច្ច ព្រមទាំងជម្រុញឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតា សហគមន៍ និងវិស័យឯកជន។

ការដាក់ចេញនូវគោលនយោបាយ និងវិធានការគន្លឹះទាំងនេះ គឺមានគោលដៅធ្វើឱ្យ សាលារៀនក្លាយជាអង្គភាពសេវាសាធារណៈមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូចនេះ សាលារៀន ត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀនដែលនឹងនាំទៅរកភាពវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្សានុសិស្ស។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្ដេចក្រឡាហោម ស ខេង ផ្តល់នូវអនុសាសន៍ណែនាំឲ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ត្រូវជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់មាតាបិតា ក៏ដូចជា អាណាព្យាបាលសិស្សក្នុងវិស័យអប់រំ ពីព្រោះមាតាបិតា និងអាណាព្យាបាល គឺតួអង្គដ៏មានសារៈសំខាន់ក្នុងការចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន សហគមន៍ រួមជាមួយការជួយបង្រៀនកូនៗបន្ថែមនៅផ្ទះជាដើម។ សូមគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ទៅលើសុខភាពរបស់សិស្សានុសិស្សរបស់យើង តាមរយៈការត្រួតពិនិត្យគុណភាព ចំណីអាហារ ដែលដាក់លក់ក្នុងសាលារៀនឱ្យបានជាប់ជាប្រចាំ សូមយកចិត្តទុកដាក់សុវត្ថិភាពអនាម័យក្នុងសាលារៀន ស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលនូវ «យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅ ទូទាំងប្រទេស។ សូមចៅៗជាសិស្សានុសិស្ស និងយុវជន យុវនារី ខ្លួនឯងផ្ទាល់ ត្រូវខិតខំ រៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងសូមឱ្យចៅៗ នៅឱ្យឆ្ងាយពីគ្រឿនញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗឱ្យខានតែបាន។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹមថា សមិទ្ធផលខាងលើនេះ នឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការចំពោះមុខរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និងចូលរួមថែរក្សាឱ្យគង់វង្សយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង