ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ការប្រកាសដាក់ឱ្យប្រើផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី៣ (២០២៤-២០២៨) និងការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ការប្រកាសដាក់ឱ្យប្រើផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី៣ (២០២៤-២០២៨) និងការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា មិនបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោងឬភាពឆកល្វែងកើតមានដោយងាយៗឡើយក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ក្នុងការងារនេះ ក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈជាមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តមក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួងនឹងផ្ដល់ចំនួនក្របខ័ណ្ឌថ្មីជំនួសឱ្យអ្នកចាស់ដែលបានបណ្ដេញចេញ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ទាំងមន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ យកចិត្តទុកដាក់គោរពពេលវេលាបំពេញការងារឱ្យបានត្រឹមត្រូវ និងបានណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្សអនុវត្តគ្រប់យន្តការ និងមធ្យោបាយ ដើម្បីធានាថាមន្រ្តីទាំងអស់ពិតជាបានមកបំពេញការងារត្រឹមត្រូវ ស្របតាមច្បាប់ និងគោលការណ៍របស់អង្គភាព។

ពីវេទិកាធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបានកោតសរសើរចំពោះសមិទ្ធផលទាំងឡាយ ជាពិសេសលទ្ធផលនៃការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ដែលបណ្ឌិត្យសភានគរបាលកម្ពុជាសម្រេចបាន ដោយបានគូសបញ្ជាក់ទៀតថា សមិទ្ធផលនេះ ក៏ដូចជាសមិទ្ធផលជាតិផ្សេងទៀត សុទ្ធតែអាចកើតឡើងបានដោយសារកត្តាសុខសន្តិភាព និងភាពប៉ិនប្រសប់នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា ឈរលើមរតកនៃសមិទ្ធផលជាតិជាប្រវត្តិសាស្ត្រនេះ នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង