ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រៃវែង។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ និងកោតសរសើរសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ដែលបានរួមគ្នាធ្វើឲ្យសម្រេចបានលទ្ធផលជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ក្នុងការអនុវត្តសម្រេចបានជោគជ័យ នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣។

សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍ថាផ្អែកលើបទពិសោធន៍កាលពីនីតិកាលទី៥នោះ នៅនីតិកាលទី៦នេះ រាជរដ្ឋាភិបាលបានសម្រេចបន្តបេសកកម្មក្រុមការងារថ្នាក់ជាតិ ក្នុងការពិនិត្យ និងរៀបចំឡើងវិញ នូវក្រុមការងារ ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលឲ្យសម្រេចបានភាពជោគជ័យបន្ថែមទៀត។

សម្ដេចមានប្រសាសន៍ថាក្រុមការថ្នាក់ជាតិ ខុសគ្នាពីក្រុមការងារគណបក្សនយោបាយ ពោលគឺបំពេញតួនាទីទៅតាមរាជរដ្ឋាភិបាលជាប់ឆ្នោត និងមានភារកិច្ចបំរើពលរដ្ឋទូទៅ មិនប្រកាន់និន្នាការនយោបាយឡើយ ប៉ុន្តែក្រុមការងារគណបក្សវិញ មានតួនាទីកសាងសមាជិកបក្សឲ្យមានទស្សនៈ គោលជំហរ និងភាពជឿជាក់លើការដឹកនាំឲ្យទទួលបានជោគជ័យ។

សម្ដេចបានបន្ថែមទៀតថា ក្រុមការងារថ្នាក់ជាតិមានសិទ្ធិប្រើប្រាស់ថវិកា និងមធ្យោបាយរបស់រដ្ឋ ហើយនៅតែអាចចូលរួមសកម្មភាពគណបក្សបាន នៅរៀងរាល់ថ្ងៃឈប់សំរាក ឬអាចសុំច្បាប់ការងារ ដើម្បីធ្វើសកម្មភាពនយោបាយ ប៉ុន្តែមិនអាចប្រើប្រាស់ថវិកា និងមធ្យោបាយរបស់រដ្ឋក្នុងសកម្មភាពនយោបាយនោះឡើយ។

បន្ទាប់មកសម្ដេចក្រឡាហោម បានណែនាំឲ្យក្រុមការងារចុះជួយខេត្តព្រៃវែង ត្រូវខិតបន្តការគាំទ្រ និងសម្របសម្រួលឲ្យគោលនយោបាយរាជរដ្ឋាភិបាល ត្រូវបានអនុវត្តត្រឹមត្រូវ និងជោគជ័យដោយអាជ្ញាធរក្រោមជាតិ និងជួយគាំទ្រស្ថានប័ន និងធនធានមនុស្ស ដើម្បីពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរក្នុងការបំរើសេវាជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ដើម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អ សម្ដេចបានគូសបញ្ជាក់លម្អិតបន្ថែមទៀត អំពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងារថ្នាក់ជាតិ និងបានមានប្រសាសន៍អំពីភាពនៃសភាពការណ៍ប្រទេសជាតិ និងណែរនាំក្រុមការងារ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចចំណុះរដ្ឋបាលខេត្តព្រៃវែងប្រឹងប្រែងបំពេញភារកិច្ចសំខាន់មួយចំនួន។

ភារកិច្ចទាំងនោះរួមមាន រៀបចំឡើងវិញនូវក្រុមការងារទទួលតាមឃុំ សង្កាត់ និងរៀបចំផែនការសកម្មភាព រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋានផ្ដោតលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ និងអំពើលួចប្លន់ជាដើម។

សម្ដេចក៏បានណែនាំឲ្យគ្រប់ភាគីរួមគ្នាគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខាងមុខនេះឲ្យប្រព្រឹត្តិទៅតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងមានសុវត្ថិភាពល្អ ត្រូវរៀបចំវេទិកាសាធារណៈឃុំសង្កាត់ និងភូមិ និងចុះតាមខ្នងផ្ទះក្ដាប់ទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ពលរដ្ឋដើម្បីមានវិធានការដោះស្រាយ។

ជាមួយគ្នានេះសម្ដេចបានណែនាំឲ្យខិតខំលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនមូលដ្ឋាន ហើយថាប្រឈមមុខនឹងអាកាសធាតុកើនកំដៅ និងមានខ្យល់កន្ត្រាក់ និងផ្គររន្ទះនេះ ក្រុមការងារត្រូវក្ដាប់ព័ត៌មានពលរដ្ឋរងគ្រោះ ហើយមានវិធានការជួយសង្ក្រោះពួកគាត់ភ្លាមៗ និងត្រូវសុំកិច្ចអន្តរាគមន៍ពីថ្នាក់លើក្នុងរណីចាំបាច់។

មុននឹងបញ្ចប់សន្ទរកថានេះ សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង បានក្រើនរំលឹកមន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តការពង្រឹងវិន័យ សេចក្ដីថ្លៃថ្នួ សីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋ និងត្រូវបំរើពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង