ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្តព្រៃវែង។

នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្តព្រៃវែង។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងសន្ទរកថារបស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តរួចមក សម្ដេចក្រឡាហោម ស ខេង ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ បេក្ខជនសមាជិក ព្រឹទ្ធសភា មណ្ឌលភូមិភាគទី៦, ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់នៃ ខេត្តព្រៃវែង ដែលបានសាមគ្គីសហការគ្នាធ្វើសកម្មភាពយ៉ាងសកម្មក្នុងរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១៤ថ្ងៃ ដោយបានចុះជួបអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធ្វើការគូសបញ្ជាក់អំពីសមិទ្ធផល ស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាង ការពារមាតុភូមិកម្ពុជា និងជោគជ័យជាបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងការបោះឆ្នោតអសកល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិព្រឹទ្ធសភា នីតិកាលទី៥ និងកិច្ចការសំខាន់ៗដែលអ្នកបោះឆ្នោតម្នាក់ៗ ត្រូវអនុវត្តទាំងក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត។

ទន្ទឹមនេះ សម្តេច ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអង្គបោះឆ្នោតជាសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពនានានៃយុទ្ធនាការបោះឆ្នោតរបស់គណបក្សរយៈពេល ១៤ថ្ងៃនេះ។ អាស្រ័យ ដោយមានការប្តេជ្ញាចិត្ត និងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ បានធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ទូទាំងខេត្តព្រៃវែងរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពយ៉ាងល្អប្រសើរ ជាមួយការគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការណែនាំនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ព្រមជាមួយនេះ ដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងប្រទេស ក៏បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរផងដែរ បើទោះបីមានគណបក្សនយោបាយខ្លះបានធ្វើសកម្មភាពកៀបសង្កត់គំរាមកំហែង ដល់អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃគណបក្សខ្លួនឱ្យបោះឆ្នោតគាំទ្រគណបក្សដែលខ្លួនបានតម្រូវ ផ្ទុយពីឆន្ទៈរបស់អ្នកបោះឆ្នោតយ៉ាងណាក្តី។

សម្ដេច ក៏បានឆ្លៀតយកឱកាសដ៏ថ្លៃថ្លានោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តែងនូវអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ អាជ្ញាធរ កងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក៏ដូចជាក្នុងសង្គមទាំងមូល និងបានផ្តល់កិច្ចសហការគាំទ្រយ៉ាងសកម្ម ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការអនុវត្តការងារនានាពាក់ព័ន្ធការបោះឆ្នោត ស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត។

សម្តេច បានមានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាងការពារមាតុភូមិកម្ពុជាយើង ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។

សម្ដេច បានមានប្រសាសន៍បន្ថែមថា ពិតមែនតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូតចេញពីឆន្ទៈរបស់ប្រជាជន។

គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តឱ្យ បានសម្រេចនូវកម្មវិធីនយោបាយនានារបស់គណបក្សដែលបានប្រកាសជូនជនរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីឆ្នាំ២០២២កន្លងមក ព្រមទាំងកម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសូមគូសបញ្ជាក់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាបានកំណត់ក្នុងគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ផងដែរ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំងខេត្តព្រៃវែង សូមអញ្ជើញទៅកាន់ការិយាល័យបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេងរៀងទី ១ នៅសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង