ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យលោកស្រី Maryam Salim អ្នកគ្រប់គ្រងប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ធនាគារពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

នារសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី Maryam Salim អ្នកគ្រប់គ្រងប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ធនាគារពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងអ្នកគ្រប់គ្រងធនាគារពិភពលោក (WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាងបីទស្សវត្សកន្លងមក។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និងអាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាង ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។

នាឱកាសនោះដែរ ទាំងឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Maryam Salim ក៏បានវាយតម្លៃខ្ពស់ចំពោកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោក ក្នុងគម្រោងមួយចំនួនដែលក្នុងនោះរួមមានការចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រដែលទើបបញ្ចប់នាពេលថ្មីៗនេះ, ការងារគណនេយ្យភាពសង្គម គម្រោងអាហារូបត្ថម្ភ ព្រមទាំងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ ប្លាស្ទិកផងដែរ។

លោកស្រី Maryam Salim បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នូវការកោតសរសើរឥតឈប់ឈរពីសំណាក់ WB ចំពោះការដឹកនាំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោងទាំងឡាយកន្លងមក។ ភាគីទាំងពីរក៏បានអបអរសាទរនូវវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តផ្តល់លទ្ធផលប្រសើរជាងនេះនាពេលខាងមុខបន្តទៀត។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការពិនិត្យលទ្ធភាពផ្តួចផ្តើមគំនិតថ្មីៗទៀតទៅលើវិធានការនានា ដែលនឹងផ្តល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យ សុខុមាលភាព កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហការ ព្រមទាំងបន្ត អនុវត្តគម្រោងដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់តាមការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង