ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឲ្យឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ
នារសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថា ទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិកាការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។
ឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា។
ក្នុងក្របខ័ណ្ឌអាស៊ានវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអបអរសាទរចំពោះប្រទេសទីម័រខាងកើត ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពជាគោលការណ៍ឱ្យប្រទេសទីម័រ ខាងកើតជាសមាជិក ទី១១ របស់អាស៊ាន កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលស្ថិតក្នុងអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២កន្លងមក៕