ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនហ្គោលវឌ្ឍនៈ រីសត ស្ថិតនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល

នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ  បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនហ្គោលវឌ្ឍនៈ រីសត ស្ថិតនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

ការប្រកួតវាយកូនហ្គោលមិត្តភាព រវាងក្រសួងមហាផ្ទៃកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានាពេលនេះ មានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខា និងអគ្គនាយក នៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ការប្រកួតកីឡាវាយកូនហ្គោលមិត្តភាពលើវាលស្មៅដ៏ខៀវខ្ចីនេះ ក៏ដើម្បីពង្រឹងចំណងមេត្រីភាព និងទំនាក់ទំនងល្អបន្ថែមទៀត រវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន។

នាឱកាសនោះ ក្នុងនាមអតីតជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទតជប៉ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន បានអញ្ជើញពិសារអាហាររួមគ្នា និងបានឆ្លៀតពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា និងរម្លឹកនូវអនុស្សាវរីយ៍ល្អៗ និងកិច្ចប្រតិបត្តិការយ៉ាងល្អជាមួយស្ថានទូតជប៉ុន ក្នុងបរិយាកាសប្រកបដោយភាពជិតស្និត និងមនោសញ្ចេទនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំបំផុត។

កីឡាវាយកូនហ្គោល ស្ថិតនៅក្នុងចំណោមប្រភេទកីឡា ដែលសម្ដេចក្រឡាហោម ស ខេង មានចំណូលចិត្តលេងដើម្បីសុខភាព និងមិត្តភាព។ ឆ្លៀតពេលពីការបំពេញការបំរើជាតិ និងប្រជាជន  សម្ដេចតែងលេងកីឡាវាយកូនហ្គោលនេះ ជាមួយឥស្សរជនថ្នាក់ដឹកនាំជាតិ និងបណ្ដាមិត្តភក្ដិបរទេស ពិសេសជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលមានចំណូលចិត្តលេងកីឡាប្រភេទនេះ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំគំនិតផ្តួចផ្តើមនូវការប្រកួតនៅថ្ងៃនេះ ក៏ដូចជាសហការីក្រសួងទាំងអស់ដែលបានរៀបចំកម្មវិធីនៅថ្ងៃនេះផងដែរ។ ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានអរគុណដល់ក្រុមហ៊ុនវឌ្ឍនៈ ដែលបានរៀបចំអាហារយ៉ាងឈ្ងុយឆ្ងាញ់ និងផ្តល់សេវាកម្មផ្សេងៗ។ ឯកឧត្តម មានប្រសាសន៍បន្តថា ថ្ងៃនេះជាឱកាសដ៏ល្អមួយសម្រាប់ឯកឧត្តម ដ៏ដូចជាជនជាតិជប៉ុន ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បន្ថែមថា នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភា ហើយថ្ងៃនេះក៏មានវត្តមាន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប)។ បន្ទាប់ពីក្រោយការបោះឆ្នោតព្រឹទ្ធសភា ឯកឧត្តម នឹងរៀបចំឱកាសបែបនេះម្តងទៀត។

ជាថ្មីម្តងទៀត ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះ សម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំកម្មវិធីនៅថ្ងៃនេះ និងទឹកចិត្តយ៉ាងកក់ក្តៅរបស់អ្នកទាំងអស់គ្នា ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងគ្នាបង្កើតនៅថ្ងៃនេះ នឹងបន្តទៅទៀតនូវថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងនូវការសប្បាយរីករាយដែលបានចូលរួមការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន។

សម្ដេចក្រឡាហោម ស ខេង បានអរគុណដល់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត និងសហការី ព្រមទាំងក្រុមធុរកិច្ចជប៉ុន ដែលបានចំណាយពេលវេលាដ៏មានតំលៃ ចូលរួមនៅថ្ងៃនេះ។ សម្ដេចមានប្រសាសន៍បន្តថា ការប្រកួតនៅថ្ងៃនេះ គឺមិនមែនការប្រកួតពានរង្វាន់អ្វីនោះទេ គឺការប្រកួតសម្រាប់អ្នកលេងធម្មតា គឺការប្រកួតសម្រាប់បង្កើតទំនាក់ទំនងរវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន។

សម្ដេចមានប្រសាសន៍បន្ថែមថា ទោះជាយ៉ាងណា ក៏មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ ហើយសម្តេចឆ្លៀតក្នុងឱកាសនោះ ថ្លែងអរគុណ និងកោតសរសើចំពោះក្រុមការងារដែលបានរៀបចំកម្មវិធីដែលមាន ឯកឧត្តម សរ សិទ្ធិ និងសហការី និងក្រុមហ៊ុនវឌ្ឍនៈ ។

ជាចុងបញ្ចប់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានជូនពរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី និងសហការីម ព្រមទាំងក្រុមធុរកិច្ចជប៉ុន និងមន្ត្រីរាជការក្រសួងមហាផ្ទៃ ទាំងអស់មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង