ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ត កំចាយមារ ស្ថិតនៅភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ត កំចាយមារ ស្ថិតនៅភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ ជូនសម្តេច និងអង្គពិធីរួចមក សម្តេចក្រឡាហោម ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង សម្តេច សូមសម្ដែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមប្រឹក្សា គណៈអភិបាល មន្ទីរអង្គភាពជំនាញនានា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តព្រៃវែង ដែលបានសហការសាមគ្គីគ្នាបំពេញការងារយ៉ាងសកម្ម ទាំងការងារគណបក្ស និងការងាររដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែល្អប្រសើរជាលំដាប់។

សម្តេចក្រឡាហោម ស ខេង ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍសមិទ្ធផល ក្នុងបរិវេណវត្តកំចាយមារ ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត សំដៅបម្រើដល់បុព្វហេតុនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាព ជំនឿ និងសាសនាទាំងអស់ត្រូវលុបបំបាត់ចោលទាំងស្រុង។ ទើបតែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រយៈពេល៤៥ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា ត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះ មានភាពរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់។ ភាពជោគជ័យដ៏ ត្រចះត្រចង់នេះ ផ្តើមចេញពីការតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានកន្លងមក ក្នុងវិស័យពុទ្ធចក្រ ទាំងក្នុងក្របខណ្ឌ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹង និងផ្នែកទន់ បានបង្ហាញឱ្យ ឃើញថា ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ហើយតាមរយៈនេះ យើងឃើញថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏នៅបន្តខិតខំប្រឹងប្រែងថែរក្សាការអនុវត្តគោលនយោបាយសុខដុមនីយកម្មខាងជំនឿ និងសាសនា ដោយបន្តចូលរួមលើកស្ទួយព្រះពុទ្ធសាសនា និងបន្តគាំពារដល់ការគោរពប្រតិបត្តិនូវសាសនាដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តដ៏ត្រឹមត្រូវនូវគោលនយោបាយសុខដុមជាតិសាសន៍ និងសាសនា បានបង្កបរិយាកាសអំណោយផលដល់គ្រប់ពុទ្ធសាសនិក និងសាសនិកនៃសាសនាដទ អាចមានឱកាសបានរសប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីក្នុងការការពារ សុខសន្តិភាព និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ទន្ទឹមនឹងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់នូវមតិផ្ដាំផ្ញើជាអនុសាសន៍ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាពង្រឹង និងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ព្រមទាំងចូលរួមការពារនូវរាល់សមិទ្ធផលនានានៃសង្គមជាតិឱ្យរឹងមាំស្ថិតស្ថេរគង់វង្ស។ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនវិធានការអប់រំដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានរឹងមាំជាប់ជាប្រចាំ ជាពិសេសបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុល ចំពោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនេះផ្ទាល់តែម្តង សំដៅធានាបានសុវត្ថិភាពចរាចរណ៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ព្រមទាំងធនធាននានាក្នុងសង្គម។ បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសនានាក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ទន្ទឹមគ្នានេះ ត្រូវបង្កើនការអប់រំ នឹងលើកទឹកចិត្តឱ្យមានការចូលរួមគ្រប់សមាសភាព ពិសេសក្នុងស្រទាប់យុវជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ខុសច្បាប់ស្របតាមគោលការណ៍ «៣កុំ ១រាយការណ៍» ។ លើកកម្ពស់ការផ្តល់សេវាសាធារណៈ ត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងកែលម្អស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ឲ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព ស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន ប្រកបដោយគណនេយ្យភាព, គុណភាព, រហ័ស និងជឿទុកចិត្ត។

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹមថា សមិទ្ធផលខាងលើនេះ នឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ក៏ដូចជាបងប្អូនពុទ្ធបរិស័ទ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និង ចូលរួមថែរក្សាឱ្យគង់វង្សយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង