សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង នារសៀលថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តបាត់ដំបង បេក្ខជនសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ឃុំ ជាច្រើនរូបទៀតផងដែរ ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ដែលអានដោយ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ក្នុងអង្គពិធី ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវអំណរគុនចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អស់លោក ជាថ្នាក់ដឹកនាំក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្ត បេក្ខជនសមាជិកព្រឹទ្ធសភា និងអង្គបោះឆ្នោត នៃភូមិភាគ៤ ខេត្តបាត់ដំបង ក្នុងថ្ងៃបើកយុទ្ធនាការឃោសនានាពេលនេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បន្តដែរថា ក្នុងរយៈពេល៤អាណត្តិកន្លងមកនេះ ព្រឹទ្ធសភាបានដំណើរការដោយរលូន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្រេចបានលទ្ធផលការងារជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងការការពារ សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ ការពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ព្រមទាំងការជំរុញកិច្ចដំណើរការកំណែទម្រង់នានា ពិសេស កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ។ សមិទ្ធផលដែលព្រឹទ្ធសភាសម្រេចបានខាងលើនេះ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាយើង ដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយបានកាន់កាប់មុខតំណែង ប្រធានព្រឹទ្ធសភា និងអាសនៈភាគច្រើនដាច់ខាតក្នុងព្រឹទ្ធសភា សម្រាប់នីតិកាល ជាបន្តបន្ទាប់ នារយៈពេលកន្លងមកនេះ។
ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីគោលការណ៍សំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្សសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកិច្ចការសំខាន់ៗមួយចំនួនក្នុងរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោមសូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៃខេត្តបាត់ដំបង សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ៕