សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបាត់ដំបង។
មានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ និងកោតសរសើរសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបងទាំងអស់ដែលបានចូលរួមសាមគ្គីគ្នាសម្រេចបានលទ្ធផលជាច្រើនក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភា ដែលអនុវត្តសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាដោយផ្អែកលើបទពិសោធន៍នីតិកាលទី៥នោះ នៅនីតិកាលទី៦នេះ រាជរដ្ឋាភិបាលបានសម្រេចបន្តបេសកកម្មក្រុមការងារថ្នាក់ជាតិដើម្បីបន្តពិនិត្យ និងរៀបចំឡើងវិញ សម្រាប់ការងារគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលជាបន្តទៀត។
ដើម្បីឲ្យបេសកម្មនេះទទួលបានលទ្ធផលល្អ សម្ដេចបានមានប្រសាសន៍គូសបញ្ជាក់អំពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងារ បច្ចុប្បន្នភាពនៃសភាពការណ៍ប្រទេសជាតិ និងបានផ្ដល់អនុសាសន៍ទៅកាន់ក្រុមការងារ និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប្រែងខិតខំបំពេញភារកិច្ចសំខាន់មួយចំនួន។
ភារកិច្ចទាំងនោះរួមមាន រៀបចំក្រុមការងារទទួលតាមឃុំ សង្កាត់ និងរៀបចំផែនការសកម្មភាព រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពតាមមូលដ្ឋាន ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ និងអំពើលួចប្លន់។
សម្ដេចបានណែនាំឲ្យរួមគ្នាគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខាងមុខនេះឲ្យប្រព្រឹត្តិទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងមានសុវត្ថិភាពល្អប្រសើរ រៀបចំវេទិកាសាធារណៈនៅតាមឃុំសង្កាត់ និងភូមិ និងការចុះតាមខ្នងផ្ទះដើម្បីក្ដាប់បានទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយរៀបចំផែនការដោះស្រាយជូនពួកគាត់។
ជាមួយគ្នានេះសម្ដេចបានណែនាំឲ្យខិតខំលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ហើយចំពោះមុខនឹងស្ថានភាពអាកាសធាតុកើនកំដៅ និងមានខ្យល់កន្ត្រាក់នេះ ក្រុមការងារត្រូវតាមដានព័ត៌មានឲ្យជាប់ ហើយមានវិធានការដោះស្រាយទុក្ខលំបាកជូនពួកគាត់ភ្លាមៗ និងរាយការណ៍សុំកិច្ចអន្តរាគមន៍ពីថ្នាក់ខេត្តដើម្បីជួយដោះស្រាយ។
ជាការកត់សំគាល់ សម្ដេចបានក្រើនរំលឹកឲ្យមន្ត្រីគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបន្តការពង្រឹងវិន័យ សេចក្ដីថ្លៃថ្នួ សីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជន និងការបំរើប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ៕