ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឲ្យលោកស្រី Dena Fisher ប្រធានបេសកកម្ម នៃគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

នារសៀលថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន អនុញ្ញាតឲ្យលោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។

លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាបប្រមុខក្រសួងមហាផ្ទៃកម្ពុជានូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជាច្រើននៅក្នុង ពេលអតីតកាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគាររវាងក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន និងថាសម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តមផ្ទាល់ អនុសាសន៍ដែលអង្គការ ICRC តែងតែបានផ្ដល់ជូនមក គឺជាធាតុចូលដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យពន្ធនាគារនៅកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ រួមមានដំណោះស្រាយចំពោះមុខ និងចក្ខុវិស័យនាពេលអនាគត និងការកែលម្អលក្ខខណ្ឌឃុំខ្លួនរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ រួមមាន ការថែរក្សាសុខមាលភាពរបស់ជនជាប់ឃុំ និងការរក្សាទំនាក់ទំនងរបស់ជនជាប់ឃុំជាមួយក្រុមគ្រួសារ។

លោកស្រី Dena Fisher បានបន្តថា បើទោះបីជាបេសកកម្មរបស់អង្គការ ICRC នៅកម្ពុជា នឹងមានការកាត់បន្ថយមួយចំនួននៅឆ្នាំ ២០២៤ នេះក៏ដោយ ប៉ុន្តែអង្គការ ICRC នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យពន្ធនាគារ និងការស្ដារទំនាក់ទំនងរវាងក្រុមគ្រួសារ និងជនជាប់ឃុំបន្តទៀត ដោយមានកិច្ចសហការពីកាកបាទក្រហមកម្ពុជាផងដែរ។

ឈរលេីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រមាណ ៣០ឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពជា និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Dena Fisher បានឯកភាពបន្តការប្ដេជ្ញាចិត្តក្នុងភាពជាដៃគូដ៏រឹងមាំនេះ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការដែលបានធ្វើក្នុងពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង