សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង តំណាងគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ បានឡើងថ្លែងរបាយការណ៍ជូនអង្គពិធីអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។
ក្នុងនាមជាអធីបតី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសន្ទរកថាទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងរដ្ឋ ឯកជន និងដៃគូអន្តរជាតិ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរហូតទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាក្នុងឆ្នាំ២០១៨ បើទោះបីជាមានបញ្ហាប្រឈម និងចំណុចសេសសល់ខ្លះទៀតក៏ដោយ ក៏ការប្រឹងប្រែងទាំងនោះមិនមែនឥតប្រយោជន៍នោះឡើយ ជាក់ស្ដែងយើងបានបង្ក្រាបជនល្មើស២២៤នាក់បញ្ជូនទៅតុលាការនៅក្នុងការបង្ក្រាបសរុប១៣៤ករណី និងសង្គ្រោះបានជនរងគ្រោះជាង២៣០នាក់ ក្នុងនោះក៏មានស្ត្រី និងកុមារ។
សម្ដេចបានមានប្រសាសន៍ថាស្ថាប័នតុលាការក៏បានបំពេញការងារយ៉ាងសកម្មក្នុងករណីជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងរកឃើញជនជាប់ចោទជាច្រើនទៀត ហើយសម្ដេចក៏បានកត់សំគាល់ចំពោះទប់ស្កាត់តាមរយៈការងារអប់រំផ្សព្វផ្សាយគ្រប់មធ្យោបាយ ដែលរបាយការណ៍បញ្ជាក់ថាមានពលរដ្ឋរហូតជាង៥លាននាក់ហើយដែលបានដឹងច្បាស់ពីបញ្ហានេះ។
សម្ដេចបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាន និងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាគោលដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព ភាពស្របច្បាប់ និងការពង្រឹងសមត្ថភាពពលករ សំដៅធានាផលប្រយោជន៍ជូនពួកគាត់ដែលបាន និងកំពុងបំពេញការងារនៅក្រៅប្រទេស។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យបន្តយកចិត្តទុកដាក់ការធ្វើសកម្មភាពបង្កា និងទប់ស្កាត់បន្ថែមទៀត ដោយសម្ដេចបានទទួលស្គាល់ថាការងារនេះយើងពិតជាធ្វើបានច្រើនហើយ ប៉ុន្តែនៅតែមានពលរដ្ឋមិនទាន់យល់ពីបញ្ហានេះ រហូតពេលខ្លះពួកគាត់មិនផ្ដល់កិច្ចសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សទៀតផង។
សម្ដេចបានណែនាំឲ្យគ្រប់ភាគី ខិតខំបង្ក្រាបបទល្មើសនេះ ដោយផ្ដោតលើការស្វែងរកមេខ្លោងទាំងនៅក្នុងប្រទេស និងមេខ្លោងជាជនបរទេសនៅក្រៅប្រទេស ដោយផ្ដោតការយកចិត្តទុកដាក់តាមដានច្រកព្រំដែនកម្ពុជាថៃ ពិសេសច្រកខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដែលសម្ដេចអះអាងថាច្រកមានការប្រព្រឹត្តិបទល្មើសនេះច្រើន។
ត្រង់ចំណុចនេះ សម្ដេចបានផ្ដោតលើការនាំពលរដ្ឋខុសច្បាប់តាមច្រករបៀងនានា ព្រោះសម្ដេចយល់ថាច្រកទ្វាអន្តរជាតិ ឬច្រកទ្វេភាគី មិនមែនជាគោលដៅ ដែលក្រុមទុច្ចរិតនាំពលករចេញខុសច្បាប់នោះទេ ដូច្នេះសម្ដេចបានណែនាំឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះច្រករបៀងនៅតាមបន្ទាត់ព្រំដែន។
សម្ដេចក្រឡាហោមក៏បានសំណូមពរស្ថាប័នតុលាការពន្លឿនការជំនុំជម្រះសំណុំរឿងជួញដូរមនុស្សបន្ថែមទៀត ដើម្បីផ្ដន្ទាទោសជនល្មើសទៅតាមច្បាប់ ដែលនេះគឺជាការបង្ហាញសាធារណមតិជាតិ និងអន្តរជាតិ ថារាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
សម្ដេច ក៏បានទទួចឲ្យក្រុមការងារបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវឲ្យបានហ្មត់ចត់ចំពោះករណីពលរដ្ឋទៅបំពេញការងារនៅក្រៅប្រទេស ប៉ុន្តែជួបគ្រោះថ្នាក់មានពិការភាពដៃជើង ឬភ្នែកពេលត្រឡប់មកវិញ ដើម្បីស្វែងរកការទទួលខុសត្រូវពីភាគីនៅក្រៅប្រទេស បន្ថែមពីលើការជួយសម្រាលការលំបាកពីភាគីរាជរដ្ឋាភិបាល។
ជាចុងបញ្ចប់នៃសន្ទរកថា សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គណៈកម្មការថ្នាក់ក្រោមជាតិ សមត្ថកិច្ច ពលរដ្ឋ និងដៃគូពាក់ព័ន្ធ បន្តរួមសហការគ្នាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីកាត់បន្ថយបញ្ហានេះឲ្យបានកាន់តែច្រើនថែមទៀតនៅឆ្នាំ២០១៩នេះ៕