សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងមហាផ្ទៃ។
សហព័ន្ធមានឈ្មោះថា “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” អក្សរកាត់ ”ស.ទ.ក.រ.ក” ត្រូវបានបង្កើតឡើងនាថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៨។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រួមមាន៖ ទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី “ទូកនាគ”។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលស្គាល់ដោយសហព័ន្ធកីឡាទូកអន្តរជាតិ ទូកកានូ ទូករ៉ូអ៊ីង និងសហព័ន្ធទូកនាគអន្តរជាតិ (International Dragon Boat Federation (IDBF))។ សហព័ន្ធបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង“ សហព័ន្ធលើកទី១០ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍បើកមហាសន្និបាតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានសេចក្តីសោមនស្សរីករាយរំភើបក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងឱកាសបើកមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ (ឆ្នាំ២០២៤ ដល់ ២០២៨) របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។
ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សម្តេចបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ សមាជិក សមាជិកា នៃអង្គមហាសន្និបាតបញ្ចប់អាណត្តិចាស់ ដើម្បីបន្ត អាណត្តិថ្មីខាងមុខ។ សកម្មភាពទាំងនេះពិតជាការគោរព និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងលក្ខន្តិកៈរបស់សហព័ន្ធ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់សហព័ន្ធ និងតម្លាភាពរបស់អង្គការសង្គមមួយ ទទួលបានការអនុញ្ញាតពីអាជ្ញាធរកីឡាជាតិ និងការទទួលស្គាល់ពីអង្គការកីឡាអន្តរជាតិ ផងដែរ។ អង្គមហាសន្និបាត សមាជិក សមាជិកា នឹងបានស្តាប់ ចូលរួមវាយតម្លៃលើរបាយការណ៍ការងារក្នុងអាណត្តិកន្លងមក និងផែនការដាក់ទិសដៅ ភារកិច្ច សម្រាប់អាណត្តិបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅរកភាពជោគជ័យ ។
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា នៃអង្គមហាសន្និបាត នឹងបានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសាមគ្គីភាព មិត្តភាព ដើម្បីវាយតម្លៃ និងអនុម័តលើរបាយការណ៍សកម្មភាព ក៏ដូចជារបាយការណ៍ហិរញវត្ថុក្នុងអាណត្តិកន្លងមក និងការដាក់ផែនការទិសដៅ ជាយុទ្ធសាស្ត្រសម្រាប់អាណត្តិបន្ត ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ។
ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងក្នុងនាមជាប្រធានអង្គមហាសន្និបាត សម្តេចក្រឡាហោម ស ខេង បានប្រកាស "បើក" "មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ ២០២៤ ដល់២០២៨ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា" ចាប់ពីពេលនេះតទៅ និងសូមជូនពរឲ្យដំណើរការ នៃអង្គមហាសន្និបាតទាំងមូលប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងទទួលបានជោគជ័យជាស្ថាពរ។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបការងារអាណត្តិទី៤ និងលើកទិសដៅការងារអាណត្តិទី៥ របស់ឯកឧត្តមបណ្ឌិត មាស សារិន គណៈកម្មាធិការប្រតិបត្តិសហព័ន្ធអនុប្រធានអចិន្ត្រៃយ៍ មតិយោបល់របស់អង្គមហាសន្និបាតរួចមក សម្តេចក្រឡាហោម ស ខេង ប្រធានអង្គមហាសន្និបាត បានអញ្ជើញមតិបូកសរុបមហាសន្និបាត។ សម្តេចមានប្រសាសន៍ថា ដំណើរការមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងឈានបន្តអាណត្តិទី៥ (២០២៤-២០២៨) របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មារតីមិត្តភាព សាមគ្គីភាពខ្ពស់។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា អង្គមហាសន្និបាតពិភាក្សាផ្តល់យោបល់ និងបានអនុម័ត ៖
១- អនុម័តលើរបាយការណ៍សកម្មភាពរបស់សហព័ន្ធក្នុងអាណត្តិកន្លងមក និងបានឯកភាពលើទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ទៅបន្តអាណត្តិថ្មី ។
២- អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញពីសម្បត្តិរបស់សហព័ន្ធ ។
៣- អនុម័តការធ្វើវិសោធនកម្ម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធសម្រាប់អាណត្តិទី៥ ឆ្នាំ (២០២៤ ដល់២០២៨) ។
៤- អនុម័ត និងផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី ។
តាមលទ្ធផលខាងលើ អង្គមហាសន្និបាតបានអនុម័ត និងសម្រេចជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានកិត្តិយស “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” សម្រាប់អាណត្តិទី៥។
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយស “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” សង្ឃឹមថា គណៈកម្មាធិការប្រតិបត្តិថ្មី នឹងបន្តដឹកនាំ “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗថែមទៀត៕