ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឲ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិបេសកកម្មការទូត ដែលកន្លងមក ឯកឧត្តមតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។
ជាការឆ្លើយតប ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសម។
ដូចគ្នានឹងឯកឧត្តមអភិសន្តិបណ្ឌិតដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេលកន្លងមកនេះ និងរំពឹងទុកថាកិច្ចសហប្រតិបត្តិការលើកិច្ចការច្បាប់រវាងភាគីទាំងពីរនឹងបន្តផ្ដល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។
ដេីម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសេីរឡេីងថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ ដោយពិនិត្យលទ្ធភាពទៅលើវិធានការនានាសំដៅសម្របសម្រួល និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងផងដែរ៕