ក្រុមក្រឡាហោមមនុស្សធម៌ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានចុះផ្ដល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅតំបន់ដាច់ស្រយាលជិតទន្លេសាបចំនួន ១២០ គ្រួសារ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ក្រុមក្រឡាហោមមនុស្សធម៌ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានចុះផ្ដល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅតំបន់ដាច់ស្រយាលជិតទន្លេសាបចំនួន ១២០ គ្រួសារ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រុមក្រឡាហោមមនុស្សធម៌ ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនពលរដ្ឋរងគ្រោះនាឱកាសនោះ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលស្រុក និងអជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ អំណោយដែលបានផ្ដល់ជូននាឱកាសនោះរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ២យួរ និងកន្សែងពោះគោ១ ។
ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនពលរដ្ឋនូវប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសសម្រាប់ការគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងរួមគ្នាថែរក្សាសុខសន្តិភាព ព្រមទាំងសំណូមពរឲ្យបន្តរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ ខិតខំរកស៊ី និងបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារ។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ប្រកបមុខរបរទទួលទានឱ្យបានសកម្ម ចូលរួមគោរពច្បាប់ និងមានអធ្យាស្រ័យល្អក្នុងការរស់នៅ ហើយសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំវ័យក្មេងជាច្រើនទៀតដែលប្រកបដោយបញ្ញាញាណ និងគុណសម្បត្តិគ្រប់គ្រាន់៕