សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបុណ្យព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញ ដែលប្រារព្ធធ្វើឡើងដោយសមាគមគ្រឹស្ទីន
បាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបុណ្យព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញ ដែលប្រារព្ធធ្វើឡើងដោយសមាគមគ្រឹស្ទីន ស្ថិតក្នុងខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ ខេត្តបាត់ដំបង មានព្រះវិហារគ្រិស្តសាសនា២០កន្លែង ស្នាក់ការថ្វាយបង្គំចំនួន៨៤កន្លែង និងអង្គការចំនួន៧កន្លែង ដែលមានគ្រិស្តបរិស័ទសរុបប្រមាណ៣២ពាន់នាក់ និងធ្វើសកម្មភាពជួយសង្គមក្នុងវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច អភិវឌ្ឍន៍ជនបទ សង្គមកិច្ច បរិស្ថាន និងកសិកម្ម។
ចំពោះពិធីបុណ្យព្រះយេស៊ូគ្រិស្តមានព្រះជន្មឡើងវិញនេះ ត្រូវបានគ្រិស្តបរិស័ទទូទាំងពិភពលោក ប្រារព្ធឡើងនៅរៀងរាល់ថ្ងៃអាទិត្យ ក្នុងខេមីនា ឬមេសា ដើម្បីរំលឹកដល់ថ្ងៃដែលព្រះយេស៊ូរស់ឡើវិញ បន្ទាប់ពីត្រូវបានគេធ្វើទារុណកម្មលើឈើឆ្កាង ហើយបុណ្យនេះប្រៀបបាននឹងការរស់ឡើវិញរបស់ពលរដ្ឋខ្មែរ ក្រោយថ្ងៃរំដោះ៧មករាដែរ។
បន្ទាប់មកនៅក្នុងបរិយាកាសប្រកបដោយមនោសញ្ចេទនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់អង្គពិធី ដោយសម្ដេចសម្ដែងសេចក្ដីរីករាយជាទីបំផុតចំពោះការចូលរួមនៅថ្ងៃនេះ ហើយសម្ដេចបានបញ្ជាក់ថាការជួបជុំនេះហើយគឺជាសិទ្ធសេរីភាពខាងជំនឿសាសនា។
សម្ដេចក៏បានសម្ដែងសេចក្ដីរីករាយនៅពេលកម្មវិធីគ្រឹះសាសនានៅថ្ងៃនេះ មានការអញ្ជើញចូលរួមពីតំណាងសាសនជាច្រើននៅក្នុងខេត្តបាត់ដំបង ដែលនេះបានបង្ហាញពីភាពសុខដុមនីយកម្មនៅក្នុងប្រទេសកម្ពុជា ពោលគឺគ្មានការប្រកាន់សាសនានោះទេ បើទោះបីជារដ្ឋធម្មនុញ្ញបានកំណត់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ។
សម្ដេចបានគូសបញ្ជាក់ថានៅកម្ពុជា ដ្បិតថាមានសាសនា និងវប្បធម៌ចម្រុះ ប៉ុន្តែយើងមានមោទនភាពបំផុតនៅពេលគ្រប់គ្នាមានការគោរពច្បាប់តែមួយ អនុវត្តគោលនយោបាយរាជរដ្ឋាភិបាលតែមួយ ហើយគ្រប់សាសនាទាំងអស់ តែងតែអប់រំបណ្ដុះបណ្ដាលបរិស័ទឲ្យដើរតាមគន្លងត្រឹមត្រូវត្រឹមតាមច្បាប់ មានសីលធម៌ និងជួយដល់សង្គមជាតិ។
ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចសូមសម្ដែងការគាំទ្រចំពោះការរួមចំណែកក្នុងកិច្ចការសង្គមរបស់សមាគមគ្រឹស្ទីនខេត្តបាត់ដំបងដូចដែលមានបញ្ជាក់ក្នុងរបាយការណ៍ ហើយសម្ដេចពិតជាចាប់អារម្មណ៍ចំពោះការប្ដេជ្ញាចិត្តរបស់សមាគមក្នុងការចូលរួមថែរក្សាសុខសន្តិភាពប្រទេស ដែលនេះជាការស្របគ្នានឹងគោលនយោបាយរាជរដ្ឋាភិបាល។
ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថាសុខ និងសន្តិភាពគឺជាអាទិភាពបំផុតក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ ដ្បិតទម្រាំយើងអាចដើរមកដល់បច្ចុប្បន្ននេះ កម្ពុជាបានឆ្លងកាត់ភាពវេទនាស្ទើរតែលះបង់មនុស្សអស់មួយជំនាន់ទៅហើយ ទម្រាំអាចអភិវឌ្ឍន៍ប្រទេសជាតិមកដល់បច្ចុប្បន្ននោះ។
ដោយឡែក ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណសមាគមគ្រិស្តបរិស័ទ ដែលបានកំណត់យកសកម្មភាពអប់រំផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពមួយរស់ខ្លួន ហើយសម្ដេចក៏បានសំណូមពរឲ្យសមាគមជួយបន្ថែមការចូលរួមអប់រំផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ដែរ៕