ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តព្រៃសម្លាញ

ព្រៃវែង ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តព្រៃសម្លាញ ស្ថិតក្នុងភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

យោងតាមរបាយការណ៍អភិបាលស្រុកពារាំង វត្តព្រៃសម្លាញ បង្កើតឡើងនៅឆ្នាំ១៨០០ ប៉ុន្តែត្រូវបានបំផ្លាញដោយរបបខ្មែរក្រហម រហូតក្រោយថ្ងៃ៧មករា១៩៧៩ ទើបព្រះសង្ឃ និងពុទ្ធបរិស័ទ ចាប់ផ្ដើមកសាងទីអារាមនេះឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

បន្ទាប់មក ក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីសរុប៤ពាន់អង្គ និងនាក់ ដោយសម្ដេចបានសម្ដែងសេចក្ដីសប្បាយរីករាយជាទីបំផុតដែលបានចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមានាថ្ងៃនេះ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទ សប្បុរជនជិតឆ្ងាយ ដែលបានរួមគ្នាកសាងទីអារាមមួយនេះជាបន្តបន្ទាប់ ពិសេសព្រះវិហារថ្មីដែលចំណាយថវិការសាងសង់រហូតជាង២០ម៉ឺនដុល្លារអាមេរិក ដែលនេះជាផ្នែកមួយនៃការរីកចំរើនក្នុងវិស័យព្រះពុទ្ធសាសនា។

ពីវេទិកាអធិបតីនៃពិធីបុណ្យបញ្ចុះខណ្ឌសីមានេះដែរ សម្ដេចក្រឡាហោម បានសម្ដែងរំភើប បន្ទាប់ពីបានឃើញពលរដ្ឋក្មេងចាស់ប្រុសស្រី ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយបរិយាកាសសប្បាយរីករាយ និងសុខសុវត្ថិភាព ពិសេសការចូលរួមកម្មក្នុងកម្មវិធីសង្ក្រាន្តស្ទើគ្រប់ទីកន្លែងយ៉ាងច្រើន។

សម្ដេចក៏បានសម្ដែងការសោកស្ដាយចំពោះពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងកំឡុងពេលចូលឆ្នាំថ្មីនេះ ប៉ុន្តែទន្ទឹមនឹងនេះ សម្ដេចបានកោតសរសើអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្រុមការងារយុវជន និងភាគីពាក់ព័ន្ធ ដែលរួមគ្នាធ្វើឲ្យពលរដ្ឋមានភាពរីករាយ ក្នុងបរិយកាសសុខ និងសន្តិភាពពេញផ្ទៃប្រទេស។

សម្ដេច បានទាញចំណាប់អារម្មណ៍អង្គពិធីឲ្យកត់សំគាល់អំពីភាពរីករាយនៅក្នុងឱកាសឆ្នាំថ្មីដែលកន្លងផុតទៅថ្មីៗនេះ ដោយសម្ដេចបានមានប្រសាសន៍ថាបើប្រទេសជាតិកំពុងផុងខ្លួនក្នុងសង្គ្រាម និងភាពអសន្តិសុខ ម្លេះសមគ្មានកម្មវិធីសង្ក្រាន្ត គ្មានចូលឆ្នាំថ្មី និងគ្មានពលរដ្ឋដើរលេងកំសាន្តរហូតដល់ជាង៥លាន់នាក់នោះទេ។

សម្ដេចបានមានប្រសាសន៍ថាពលរដ្ឋកំពុងទទួលផលពីកត្តាសុខសន្តិភាព ជាក់ស្ដែងផ្លូវថ្នល់កាន់តែល្អ និងខ្វាត់ខ្វែងពីមួយឆ្នាំទៅមួយឆ្នាំ អគ្គីសនី និងទឹកស្អាត ត្រូវបានតភ្ជាប់ និងពង្រាយទៅកាន់ភូមិដ្ឋានពលរដ្ឋជាបន្ទាប់ ហើយពិសេសជាងគេបំផុតនោះ គឺការប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្ស។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោ ស ខេង បានអំពាវនាវប្រជាពលរដ្ឋជាជីដូនជីតាឪពុកម្ដាយអាណាព្យាបាល និងព្រះសង្ឃ បង្កើនការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការទេសនា និងនិយាយអប់រំណែនាំកូនចៅ និងពុទ្ធបរិស័ទ ចៀសឲ្យផុតពីគ្រឿងញៀន និងចូលរួមរាយការណ៍ឲ្យសមត្ថកិច្ចអំពីករណីគ្រឿងញៀន។

សម្ដេចក៏បានអំពាវនាវពលរដ្ឋបន្តប្រឹងប្រែងបំពេញការស្រែចំការ និងការងារនានាឲ្យបានល្អប្រសើរ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ចៀសឲ្យផុតពីការប្រព្រឹត្តិសកម្មភាពខុសច្បាប់នានា ពោលគឺធ្វើយ៉ាងណាត្រូវចូលរូមធ្វើឲ្យភូមឃុំរបស់បងប្អូនដើរតាមគន្លងសុខ និងសុវត្ថិភាព ដើម្បីការរស់នៅប្រកបដោយសុភមង្គល។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿងឥស្សរយស និងមេដាយ ប្រគេនព្រះសង្ឃ និងជូនសប្បុរសជននានា ដែលមានគុណូប្បការៈ និងស្នាដៃច្រើនក្នុងការចូលរួមគាំទ្រការកសាងទីអារាមវត្តព្រៃសម្លាញ ពិសេព្រះវិហារថ្មីនាថ្ងៃនេះ។

ជាចុងបញ្ចប់នៃពិធីដ៏មហាឡារិកនេះ សម្ដេចក្រឡាហោម ស ខេង បានប្រគេនបច្ច័យ ថវិកា និងសម្ភារៈ ចំពោះព្រះសង្ឃ និងតំណាងអង្គពិធី មុននឹងអញ្ជើញកាត់ខ្សែបូរណ៌ឆ្លងសមិទ្ធិផលនានា កាត់ខណ្ឌសីមាព្រះវិហារ និងដាំដើមឈើ ជាអធិបតី និងជានិម្មិតរូប នៃពិធីបុណ្យបញ្ចុះខណ្ឌសីមាប្រកបដោយភាពអធិកអធមនេះ៕

អត្ថបទដែលជាប់ទាក់ទង