សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងការពិនិត្យមើលវឌ្ឍភាព នៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
នាព្រឹកថ្ងៃសៅរ៍ ១១កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងការពិនិត្យមើលវឌ្ឍភាព នៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាពជំនាញនានា អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង ដែលបានសហការសាមគ្គីគ្នា បំពេញការងារយ៉ាងសកម្ម ទាំងការងារគណបក្ស និងការងាររដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឱ្យគណបក្ស យើងដែលជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្ត សម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងការដឹកនាំគ្រប់គ្រង ប្រទេសជាតិ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមរយៈពេលយូរអង្វែងបន្តទៀត។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋាន សម្តេចបានមានប្រសាសណ៍បន្តថា ត្រូវបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធ តាមគោលការណ៍ដែលបានកំណត់ និងមានសមត្ថភាពដឹកនាំអនុវត្តដោយ ជោគជ័យនូវកម្មវិធីនយោបាយ និងការងារនានារបស់គណបក្ស ដោយប្រកាន់នូវ គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបការងារ ច្បាស់លាស់ មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។ ខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សយើងឱ្យបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការដឹកនាំ របស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតទៅមុខទៀត។ ត្រូវបន្តជំរុញសកម្មភាពពង្រឹងពង្រីកសមាជិកបក្សឱ្យបានជាប់ជា ប្រចាំដោយផ្សារភ្ជាប់ជាមួយការជំរុញការងារអប់រំនយោបាយ សតិអារម្មណ៍ ការងារចលនាមហាជន ការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានទូលំទូលាយ ស៊ីជម្រៅ ទាំងក្នុងជួរសមាជិកបក្ស មហាជន និងមជ្ឈដ្ឋាននានាក្នុងសង្គម។ ចំពោះលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្ស ក្រុមការងារ និងគណបក្សត្រូវសហការបន្តផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់គណៈកម្មាធិការសាខាបក្សតាមមន្ទីរ អង្គភាពនានា និងនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា មានប្រសាសណ៍បន្ថែមថា គណបក្ស ជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទាំងមូល ហេតុនេះ ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់ត្រូវទំនាក់ទំនងសហការគ្នាបំពេញការងារ ដើម្បីគាំទ្រ បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការពង្រឹងមូលដ្ឋាន ទាំងការងារនយោបាយ ការងារកសាងអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយឆ្លើយតបសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋ សំដៅរួមគ្នាអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ គណបក្ស ដែលបានប្រែក្លាយមកជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សង្ឃឹមជឿជាក់លើការប្ដេជ្ញាចិត្ត ការចូលរួម ការគាំទ្ររបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ ក្នុងការបន្តរួមគ្នាថែរក្សាសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើននិងខិតខំរួមគ្នាដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សក្នុងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុខនេះ ៕