ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ដាំឡឹក អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

នារសៀលថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ដាំឡឹក អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិក្សាការងារ ក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងស្ថាប័នអក្សរសម្ងាត់ នៃប្រទេសទាំងពីរ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។

ក្នុងជំនួបនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណ ជូនឯកឧត្តម ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់ នៃរដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រក្នុងវិស័យ អក្សរសម្ងាត់ដល់កម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម ង្វៀន ដាំឡឹក អនុប្រធានអក្សរសម្ងាត់នៃរដ្ឋាភិបាលវៀតណាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតជូន ឯកឧត្តម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនាឱកាសនេះ និងបានមានប្រសាសន៍លើកទឹកចិត្ត និងគាំទ្រខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអក្សរសំងាត់នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវិស័យអក្សរសម្ងាត់រវាងភាគីទាំងពីរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ង្វៀន ដាំឡឹក ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងស្ថានប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលទាំងពីរ នឹងរួមចំណែកយ៉ាងសំខាន់ បន្ថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម៕

អត្ថបទដែលជាប់ទាក់ទង